(បាងកក)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,៤១៩នាក់ ហើយអ្នកជំងឺ១៩នាក់ទៀត ទើបតែបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ករណីឆ្លងថ្មីៗទាំងនោះ គឺត្រូវបានរកឃើញភាគច្រើនបំផុត នៅរាជធានីបាងកកដដែល ជាមួយចំនួន១,១១២នាក់។ តំបន់ដែលមានករណីឆ្លងទើបរកឃើញច្រើនៗបន្ទាប់ទៀត រួមមានខេត្ត Nonthaburi ដែលមានចំនួន២១៧ករណី, នៅខេត្ត Samut Prakan ដែលមាន១១៤ករណី និងនៅខេត្ត Prachuap Khiri Khan ដែលមាន១០០ករណី ជាដើម។ ក្នុងចំណោមករណីឆ្លងថ្មីៗ ដែលថៃប្រកាសរកឃើញនៅថ្ងៃសុក្រនេះ គឺមានតែ១០ករណីប៉ុណ្ណោះ ដែលជាករណីនាំចូល។

ដោយឡែក សម្រាប់ករណីអ្នកជំងឺទើបតែស្លាប់ទាំង១៩នាក់ មាន០៧ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្ត Samut Prakan, ០២ករណីនៅខេត្ត Pathum Thani ខណៈខេត្ត Nakhon Sawan, Samut Songkhram, Kanchanaburi, Chonburi, Nakhon Si Thammarat, Surin, Songkhla និង Nakhon Pathom មាន០១ករណីដូចគ្នា ហើយអ្នកទាំងនោះ មានអាយុចន្លោះ៤២-៩៣ឆ្នាំ និងភាគច្រើនជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ ថៃក៏បានប្រកាសពី ករណីអ្នកជំងឺជាសះស្បើយជាង ២,២០០នាក់ផងដែរ។ សរុបមកគិតត្រឹមថ្ងៃសៅរ៍នេះ ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៨១,២៧៤នាក់ ក្នុងនោះស្លាប់៣៨២នាក់ និងជាសះស្បើយ ៥១,៤១៩នាក់។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គឺវ៉ាក់សាំងសរុបចំនួន១,៧៣០,៤៨៨ដូស ត្រូវបានចាក់៕