(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងអនុញ្ញាតឲ្យប្រជាជន នៅក្នុងប្រទេសអង់គ្លេស អាចចាប់ផ្តើមការធ្វើដំណើរអន្តរជាតិឡើងវិញបាន ពីថ្ងៃទី១៧ ខែឧសភា ប៉ុន្តែនឹងកំណត់ចំនួនគោលដៅធ្វើដំណើរ ដែលអនុញ្ញាតឲ្យអ្នកត្រឡប់មកវិញ មិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្រ្តីដឹកជញ្ជូនចក្រភពអង់គ្លេស លោក Grant Shapp នៅថ្ងៃសុក្រសប្តាហ៍នេះ បានឲ្យដឹងថា ប្រទេសដូចជា ព័រទុយហ្គាល់ អ៉ីស្រាអែល នូវែលសេឡង់ អូស្រ្តាលី សិង្ហបុរី ព្រុយណេ អ៉ីស្លង់ សុទ្ធតែត្រូវចាត់ទុកជាគោលដៅ ដែលអ្នកដំណើរនៃប្រទេសអង់គ្លេស អាចទៅហើយ ត្រឡប់មកវិញ ដោយពុំតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ។ យ៉ាងណាក្តី អ្នកដំណើរទាំងនោះ ត្រូវធ្វើតេស្តរក COVID-19 ចំនួន០២លើក គឺមួយលើកមុនពេលមកដល់អង់គ្លេសវិញ និងមួយលើកទៀតក្នុងរយៈពេល០២ថ្ងៃ ក្រោយមកដល់។

ដោយឡែក ប្រទេសដូចជាអេស៉្បាញ បារាំង អ៉ីតាលី និងសហរដ្ឋអាមេរិក ដែលជាគោលដៅទេសចរណ៍កំពូលទាំង០៤ សម្រាប់ការធ្វើដំណើររបស់អ្នករស់នៅចក្រភពអង់គ្លេស កាលពីឆ្នាំ២០១៩ គឺស្ថិតក្នុងក្រុមប្រទេសដែលតម្រូវឲ្យពលរដ្ឋអង់គ្លេស ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ពេលត្រឡប់មកវិញ។ សម្រាប់ប្រទេសស្កុតឡែន វែលស៍ និងអៀរឡង់ខាងជើង មិនទាន់បង្ហើបឲ្យដឹងថា ពួកគេប្រហែលនឹងបន្ធូរបន្ថយការរឹតត្បិត ការធ្វើដំណើររបស់ខ្លួន នៅពេលណានៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសដែលពលរដ្ឋអង់គ្លេស ប្រហែលចង់ធ្វើដំណើរទៅ អាចនឹងនៅតែមានគោលការណ៍រឹតត្បិតផ្ទាល់ខ្លួន សម្រាប់អ្នកដំណើរដែលចូលទៅកាន់ប្រទេសពួកគេ។ តួយ៉ាង បច្ចុប្បន្ន ប្រជាជនអង់គ្លេសនៅស្ថិតក្រោមបម្រាមរបស់ សហរដ្ឋអាមេរិកហាមឃាត់នៅឡើយ ដោយមិនឲ្យចូលទៅកាន់ទីនោះឡើយ៕