(បារ៉ែន)៖ អាជ្ញាធរសុខាភិបាលបារ៉ែននៅថ្ងៃសុក្រសប្ដាហ៍នេះ បានប្រកាសពីការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានគូសបញ្ជាក់ថា ជាផ្នែកមួយនៃដំណាក់កាលថ្មី នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 វ៉ាក់សាំងដូសទី ៣ នឹងត្រូវផ្តល់ការចាក់ជូនដល់ក្រុមមនុស្ស ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ, ក្រុមអ្នកដែលមានបញ្ហាសុខភាពរុំារ៉ៃ និងក្រុមបុគ្គលិកថែទាំសុខភាពផ្សេងទៀត នៅក្នុងរយៈពេល ០៦ខែ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងដូសទី ២។

ក្រុមការងារថ្នាក់ជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 បានគូសបញ្ជាក់បន្ថែមថា ព័ត៌មានលំអិតនៃការចុះឈ្មោះ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី ៣ នឹងត្រូវប្រកាសនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ បុគ្គលម្នាក់ៗមានជម្រើសក្នុងការជ្រើសរើស វ៉ាក់សាំងប្រភេទដូចគ្នា ឬខុសគ្នាសម្រាប់ការចាក់ដូសទី ៣។

គួរបញ្ជាក់ថា ប្រទេសបារ៉ែនដែលមានប្រជាជនសរុបជាង ១.៧លាននាក់ បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ដូសជូនដល់ប្រជាជនខ្លួនជាងកន្លះលាននាក់រួចមកហើយ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈប្រជាជនសរុបជាង ៧៧០,០០០នាក់ទៀត បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស។ គិតត្រឹមថ្ងៃដដែល បារ៉ែនមានអ្នកឆ្លង COVID-19 សរុបជាង ១៨៦,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៦៧៤នាក់ និងជាសះស្បើយវិញ ១៧៣,០០០នាក់៕