(តូក្យូ)៖ ភាពអាសន្នប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងទីក្រុងតូក្យូ និងផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ត្រូវបានពន្យាពេលបន្ថែមទៀតនៅថ្ងៃសុក្រនេះ ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកកាន់តែខិតជិតមកដល់ ដោយនៅសល់ពេលប្រមាណតែ ៣ខែទៀតប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា វិធានការណ៍អាសន្ននៅក្នុងប្រទេសដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១១ ខែឧសភានោះ នឹងត្រូវបន្តអនុវត្តរហូតដល់ចុងខែ។

លោក Suga បាននិយាយថា «ចំនួនករណីឆ្លងថ្មី នៃជំងឺ COVID-19 គឺស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ ជាពិសេសនៅតាមទីក្រុងធំៗ ខណៈដែលមន្ទីរពេទ្យនានានៅខេត្តអូសាកា និងហ៊ីហ្គូ នៅតែបន្តចាល់ដោយអ្នកជំងឺ»

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសដាក់ខេត្តចំនួនពីរបន្ថែមទៀត ទៅក្នុងវិធានការអាសន្ន គឺខេត្ត Aichi និង Fukuoka។ លោកបានលើកឡើងថា «ដោយផ្អែកលើស្ថានភាពនេះយើងបានសម្រេចបន្ថែមខេត្ត Aichi និង Fukuoka ទៅជាតំបន់ដែលស្ថិតក្នុងស្ថានភាពអាសន្ន និងពន្យាពេលរហូតដល់ថ្ងៃទី៣១ ខែឧសភា»។

ទោះជាយ៉ាងណា ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសជប៉ុនគឺមានសភាពធូរស្រាលជាងប្រទេសជាច្រើននៅក្នុងតំបន់ ដោយមានអ្នកស្លាប់តែជាង ១០,៥០០នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺសរុបជាង ៦១៦,០០០ករណី។ ប៉ុន្តែយុទ្ធនាការចាក់វ៉ាក់សាំងហាក់ដូចជាមានភាពយឺតយ៉ាវជាខ្លាំង។

គួរបញ្ជាក់ នៅប្រមាណជាបីខែខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងឈានមកដល់ ដោយមានអត្តពលិកជាង ១ម៉ឺននាក់មកពីប្រទេសជាង ២០០ប្រទេស និងតំបន់នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ ដែលពន្យារពេលកាលពីឆ្នាំ២០២០៕