(រីយ៉ាទ)៖ ប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅថ្ងៃសុក្រនេះបានប្រកាសថា មានតែបុគ្គលិកដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកន្លែងធ្វើការរបស់ពួកគេវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

ក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចាក់វ៉ាក់សាំងនឹងក្លាយជាលក្ខខណ្ឌចាំបាច់សម្រាប់ការវិលត្រឡប់របស់បុគ្គលិកសាធារណៈ និងឯកជនទៅកន្លែងធ្វើការពួកគេវិញ ដោយបានជំរុញឱ្យពួកគេទៅទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះអារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់វ៉ាក់សាំងជាង ១០លានដូសហើយ នៅក្នុងប្រទេសដែលមានប្រជាជនជាង ៣៤លាននាក់មួយនេះ។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប់មួយនេះបានកត់ត្រាករណីឆ្លងសរុបជាង ៤២៣,០០០ករណី ក្នុងនោះស្លាប់ជាង ៧,០០០នាក់ និងជាសះស្បើយជាង ៤០០,០០០នាក់៕