(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវកំពុងរកមធ្យោបាយជួយគ្រួសារក្រីក្រ ឬប្រជាពលរដ្ឋងាយរងគ្រោះ ដែលរងការប៉ះពាល់ដោយសារវិបត្តិ COVID-19 ខណៈការឆ្លងរាតត្បាតនាប៉ុន្មានសប្តាហ៍មួយនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ០២១។

ក្រសួងការងារ និងសុខុមាលភាពសង្គមនៃប្រទេសឡាវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញសេចក្តីប្រកាសថា អាជ្ញាធរបានចាប់ផ្តើមប្រមូលទិន្នន័យអំពីក្រុមគ្រួសារក្រីក្រ ឬជនងាយរងគ្រោះនៅទូទាំងប្រទេស ដែលរងការប៉ះពាល់ដោយសារវិបត្តិជំងឺ COVID-19។ សម្រាប់កម្មករដែលពុំមានការធានារ៉ាប់រងសង្គម ហើយនិងជនទីទាល់ក្របំផុត ដែលបានរងការប៉ះពាក់ដោយសារ COVID-19 នឹងស្ថិតក្រោមគោលដៅចម្បង នៃការប្រមូលទិន្នន័យនេះ។ បន្ទាប់មក រដ្ឋាភិបាលឡាវនឹងប្រើប្រាស់ទិន្នន័យប្រមូលបាន ទៅលើគោលនយោបាយជំនួយមួយ សម្រាប់អ្នករងផលប៉ះពាល់ទាំងនោះ។

គួរបញ្ជាក់ថា ឡាវបានសម្រេចបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ រហូតដល់ថ្ងៃទី២០ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃ COVID-19 រលកទីពីរ។ មិនតែប៉ុណ្ណោះ ការធ្វើដំណើរនៅក្នុងប្រទេស ក៏ត្រូវបានរឹតត្បិតផងដែរ។ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ ឡាវមានករណីឆ្លងសរុប ១,២០៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១២២នាក់ និងមិនមានអ្នកស្លាប់ទេ៕