(ប៉េកាំង)៖ ឆ្លើយតបចំពោះបណ្តាសារព័ត៌មានលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ដែលបាននិងកំពុងផ្សព្វផ្សាយយ៉ាងច្រើន អំពីការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែតចិននោះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងតបទៅវិញថា «ហានិភ័យគឺស្ថិតនៅក្នុងកម្រិតទាបបំផុត»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

នៅមុននេះអ្នកជំនាញយោធាអាមេរិកបានរំពឹងទុកថា កំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិននឹងធ្លាក់មកលើផ្ទៃផែនដីវិញ នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយថែមទាំងបានព្រមានទៀតថា គេមិនទាន់អាចកំណត់ពីទីតាំង ដែលកំណាត់រ៉ុក្កែតនោះនឹងត្រូវធ្លាក់លើ ឲ្យបានច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែទីក្រុងប៉េកាំងបានចេញមុខ បន្សាបនូវការព្រួយបារម្ភទាំងឡាយ នៅថ្ងៃសុក្រនេះ។

លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងប៉េកាំងយ៉ាងដូច្នេះថា «ភាគរយដែលវានឹងអាចបង្កគ្រោះថ្នាក់ ដល់សកម្មភាពអាកាសចរណ៍ និងមនុស្សម្នានៅលើដី គឺពិតជាទាបខ្លាំងណាស់»។ លោក វ៉ាង បានសង្កត់ធ្ងន់ទៀតថា «បំណែកនានារបស់វានឹងត្រូវបំផ្លាញខ្ទេចខ្ទី នៅពេលវាធ្លាក់បុកបរិយាកាសផែនដី»។ ចិនក៏បានសន្យាផ្តល់ព័ត៌មានបន្ថែមទៀត ជុំវិញបញ្ហាខាងលើនេះដែរ នៅក្នុងពេលដែលសមរម្យ។

គួរបញ្ជាក់ថា កំណាត់ស្នូលធំមួយនៃគ្រាប់រ៉ុក្កែតរបស់ប្រទេសចិន កំពុងតែធ្លាក់សំដៅចុះមកកាន់ផ្ទៃផែនដីវិញ បន្ទាប់ពីវាត្រូវបានប្រើប្រាស់ ក្នុងការដឹកជញ្ជូនបន្ទប់សម្រាប់សាងសង់ស្ថានីយអវកាសចិន (Tianhe) ឡើងទៅកាន់ទីអវកាស។ បន្ទប់ស្ថានីយអវកាសទី ១ Tianhe ត្រូវបានរុញច្រានដល់គន្លងគោចរត្រឹមត្រូវ និងសុវត្ថិភាព ប៉ុន្តែកំណាត់រ៉ុក្កែតដែលរុញច្រានវា បានធ្លាក់ខុសគន្លងដែលត្រូវបានកំណត់៕