(ញូដេលី)៖ ប្រទេសឥណ្ឌាបានរាយការណ៍អំពីការកើនឡើងឥតឈប់ឈរ នូវអត្រាឆ្លងរាតត្បាតជំងឺ COVID-19 ប្រចាំថ្ងៃនៅថ្ងៃសុក្រនេះបន្ថែមទៀត ដែលនាំឱ្យចំនួនករណីឆ្លងថ្មីៗសរុប តែនៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ បានកើនឡើងដល់ ១.៥៧លាននាក់ហើយ ខណៈអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបញ្ហាដឹកជញ្ជូន និងបញ្ហាកង្វះខាតការផ្គត់ផ្គង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

រលកទី ២ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះនៅប្រទេសឥណ្ឌា ក៏នៅតែបន្តកើតមានឥតឈប់ឈរផងដែរ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២១.៤៩លានករណីដោយមានការឆ្លងរាលដាលពីទីក្រុងនានា ទៅកាន់ភូមិជនបទដាច់ស្រយាលដែលមានប្រជាជនជិត ៧០ភាគរយនៃប្រជាជនឥណ្ឌាសរុបជាង ១,៣០០ពាន់លាននាក់។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌានៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤១៤,៤៣៣នាក់ និងអ្នកស្លាប់ថ្មីៗចំនួន ៣,៩២០នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៣៤,០៧១នាក់ និងជាសះស្បើយឡើងវិញ ១៧.៦លាននាក់។ អ្វីដែលធ្ងន់ធ្ងរខ្លាំងបំផុតសម្រាប់ឥណ្ឌា នោះគឺអ្នកជំងឺរហូតដល់ ៣.៦៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខាភាពនានាទូទាំងប្រទេស កំលុងពេលដែលគ្រឿងបរិក្ខាពេទ្យ សព្វគ្រប់បែបយ៉ាង ស្ថិតក្នុងភាពខ្វះខាតធ្ងន់ធ្ងរ៕