(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញសុខាភិបាល និងប្រទេសជាច្រើនចំពោះការសម្រេចចិត្តគាំទ្រការលើកលែងជាបណ្ដោះអាសន្ននូវកម្មសិទ្ធិបញ្ញា (IP) ឬប៉ាតង់វ៉ាក់សាំង COVID-19 ក្នុងគោលបំណង បង្កើនការផលិតវ៉ាក់សាំងនៅជុំវិញពិភពលោក។

ប៉ុន្តែប្រទេសមួយចំនួននៅអឺរ៉ុប ដូចជាអាល្លឺម៉ង់ និងក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗ បានចេញមុខជំទាស់ទៅនឹងគំនិតលើកលែងប៉ាតង់វ៉ាក់សាំងដោយពួកគេ និយាយថាវានឹងមិនអាចជួយអ្វីដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19 ឡើយ ហើយថែមទាំងបំផ្លាញដល់គំនិតច្នៃប្រឌិត និងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស បំប្លែងខ្លួនថ្មីតែប៉ុណ្ណោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភាកន្លងទៅ រដ្ឋាភិបាលអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា កម្មសិទ្ធិបញ្ញាវ៉ាក់សាំងគឺជាប្រភពនៃការច្នៃប្រឌិតដែលចាំបាច់ត្រូវតែរក្សាការពារ ហើយថាការគាំទ្ររបស់សហរដ្ឋអាមេរិកនឹងបង្កការស្មុគស្មាញដល់ការ ផលិតវ៉ាក់សាំង។

*អ្វីទៅជាប៉ាតង់វ៉ាក់សាំង?

នៅពេលក្រុមហ៊ុនមួយផលិតបានដោយជោគជ័យនូវវ៉ាក់សាំង ឬឱសថ ពួកគេនឹងចុះបញ្ជីកម្មសិទ្ធិបញ្ញា ឬប៉ាតង់ដើម្បីការពារការលួចចម្លង។ ជាធម្មតា ប៉ាតង់វ៉ាក់សាំង ឬឱសថគឺមានសុពលភាពរយៈពេល ២០ឆ្នាំ ហើយនិយាយជាទូទៅប៉ាតង់ ឬកម្មសិទ្ធិបញ្ញាពិតជាមានសារៈសំខាន់ណាស់ដោយ វាជាមធ្យោបាយបង្កើនប្រាក់ចំណូល ព្រមទាំងជំរុញលើកទឹកចិត្តដល់អ្នកស្រាវជ្រាវឱ្យបន្តការសិក្សា, ច្នៃប្រឌិត និងការអភិវឌ្ឍ។ គំនិតស្នើសុំលើកលែង ប៉ាតង់វ៉ាក់សាំងត្រូវបានស្នើឡើងដោយប្រទេសឥណ្ឌា និងអាហ្រ្វិកខាងត្បូងដែលមើលឃើញថាប៉ាតង់វ៉ាក់សាំងជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែង បង្កើនការផលិតវ៉ាក់សាំង ដើម្បីបំពេញតម្រូវចាំបាច់នាពេលបច្ចុប្បន្ន។

*ពង្រីកយុទ្ធសាស្ត្រការទូតវ៉ាក់សាំង?

ការសម្រេចចិត្តគាំទ្រការលើកលែងប៉ាតង់វ៉ាក់សាំងរបស់លោក ចូ បៃដិនធ្វើឡើងនៅចំពលរដ្ឋបាលរបស់លោកកំពុងរងសម្ពាធកាន់តែខ្លាំងពីសំណាក់ក្រុមអ្នកប្រជាធិបតេយ្យភាគច្រើននៃសភាទាំង២ ដែលចង់ឱ្យសហរដ្ឋអាមេរិកចែករំលែកវ៉ាក់សាំងជាមួយពិភពលោក។ ការសម្រេចចិត្តនេះ គឺជាការបោះជំហ៊ានជាវិជ្ជមានត្រឡប់មកកាន់ប្រព័ន្ធពហុភាគនិយមវិញរបស់សហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចពិភពលោក និងជាមេដឹកនាំប្រកបសីលធម៌។

គិតត្រឹមសប្ដាហ៍នេះ សហរដ្ឋអាមេរិកជាប្រទេសមួយដែលមានអាត្រាអ្នកចាក់វ៉ាក់សាំងខ្ពស់បំផុតហើយលោក បៃដិនផ្ទាល់ក៏បានបំពេញតាមសន្យា របស់លោកហើយដែរ នោះគឺចាក់វ៉ាក់សាំង១០០លានដូស ក្នុងរយៈពេល ១០០ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក។ បើតាមក្រុមអ្នកជំនាញ ខណៈការចាក់វ៉ាក់សាំងនៅក្នុងស្រុកកំពុងដំណើរការទៅមុខ វាដល់ពេលហើយដែលលោក បៃដិនត្រូវចេញមុខសង្រ្គោះពិភពលោកតាមរយៈ ការចែករំលែកវ៉ាក់សាំងជាមួយបណ្ដាប្រទេសដទៃ ដើម្បីប្រជែងវ៉ាក់សាំងការទូតរបស់ចិន និងរុស្ស៊ី។

លោក បៃដិន កាលពីខែកក្កដា ឆ្នាំ២០២០ បានសន្យាក្នុងនាមជាបេក្ខជនប្រធានាធិបតីអាមេរិកថាលោកនឹងមិនបណ្ដោយប៉ាតង់ ឬកម្មសិទ្ធិបញ្ញារាំងស្ទះដល់ ការចាក់វ៉ាក់សាំងពិភពលោកឡើយ ហើយមិនតែប៉ុណ្ណោះលោកផ្ទាល់ក៏ទទួលស្គាល់ដែរនូវគំនិតថា «គ្មាននរណាម្នាក់មានសុវត្ថិភាពទេ លុះត្រាតែមនុស្ស គ្រប់គ្នាបានចាក់វ៉ាក់សាំង»។

*ហេតុអ្វីមានការខ្វែងគំនិតគ្នាលើការលើកលែងប៉ាតង់?

ប្រទេសមួយចំនួននៅអឺរ៉ុប ដូចជាអាល្លឺម៉ង់បានចេញមុខជំទាស់ទៅនឹងគំនិតលើកលែងប៉ាតង់វ៉ាក់សាំងដោយនិយាយថាវានឹងមិនអាចជួយអ្វីដល់ការប្រយុទ្ធ ប្រឆាំងនឹង COVID-19 ឡើយ ហើយថែមទាំងបំផ្លាញដល់គំនិតច្នៃប្រឌិត និងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុស បំប្លែងខ្លួនថ្មីតែប៉ុណ្ណោះ។

បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ ឧបសគ្គរាំងស្ទះដល់ការផលិតវ៉ាក់សាំងមិនមែនដោយសារតែកម្មសិទ្ធិបញ្ញានោះទេ តែផ្ទុយទៅវិញ ការបង្កើនសមត្ថភាពផលិត និងការធានាឱ្យបាននូវការចែកចាយវ៉ាក់សាំងដោយស្មើភាពទៅវិញទេ ដែលជាបញ្ហាសំខាន់ត្រូវដោះស្រាយ។ ទីក្រុងប៊ែរឡាំងក៏បានបង្ហាញការគាំទ្រដែរដល់ យន្ដការ COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ដែលមានគោលដៅធានាឱ្យបានថាមនុស្សគ្រប់រូបនៅទូទាំងពិភពលោកមានលទ្ធភាព ទទួលបានការចាក់វ៉ាក់សាំងដោយស្មើភាព។

តាមការពិតទៅ សហរដ្ឋអាមេរិក និងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់ គឺជាគូប្រជែងនឹងគ្នានៅក្នុងវិស័យជាច្រើននៃការស្រាវជ្រាវ និងការគំនិតច្នៃប្រឌិត ជាពិសេសពាក់ព័ន្ធនឹងវេជ្ជសាស្ត្រតែម្ដង។ ក្រៅតែពីគិតគូពីកិត្តិយស និងកិត្យានុភាពជាតិ ក្រុមហ៊ុនឱសថទាំងនោះបានជួយបង្កើតការងារ, បង្កើនចំណូលពន្ធ និងផ្ដល់ឱសថ ឬវ៉ាក់សាំងថ្មីៗដែលអាចជួយសង្រ្គោះជីវិតមនុស្ស។ ក្រុមហ៊ុនទាំងនេះបានចំណាយប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីបញ្ចុះបញ្ចូលឱ្យ រដ្ឋាភិបាលបន្តរក្សាថែរក្សាស្ថានភាពដើមពាក់ព័ន្ធនឹងប៉ាតង់។

*ហេតុអ្វីក្រុមហ៊ុនវ៉ាក់សាំងជំទាស់ការលើកលែងប៉ាតង់?

និយាយឱ្យចំគឺគ្មានអ្វីក្រៅតែពីលុយនោះទេ។ សម្រាប់ក្រុមអ្នកជំនាញសុខាភិបាល បច្ចុប្បន្នជាពេលត្រូវរួមគ្នាសង្រ្គោះជីវិតមនុស្ស និងពិភពលោកទាំងមូលពី COVID-19 ហើយការលើកលែងប៉ាតង់ទៀតសោតធ្វើឡើងគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ តែក្រុមហ៊ុនផលិតវ៉ាក់សាំងមួយៗបានចំណាយប្រាក់រាប់ ពាន់លានដុល្លារ ទាំងក្នុងការសិក្សាស្រាវជ្រាវ និងការធ្វើតេស្ដដើម្បីវ៉ាក់សាំងមួយឡើង។ វ៉ាក់សាំងផលិតឡើងគឺដើម្បីលក់ហើយប៉ាតង់ ឬកម្មសិទ្ធិបញ្ញាជាមធ្យោបាយការពារ និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ព្រោះបើបច្ចេកវិទ្យារបស់ពួកគេត្រូវគេចម្លង ឬក៏ចែករំលែកឱ្យអ្នកផ្សេង នោះវ៉ាក់សាំងក៏លែងលក់ បានថ្លៃដែរ ឬមានគូប្រជែងកាន់តែច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់ពួកគេ។ លើសពីនេះទៅទៀត មានវ៉ាក់សាំងខ្លះទោះជាលើកលែងប៉ាតង់ ក៏មិន ប្រាកដថាប្រទេសផ្សេងអាចផលិតបាននោះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភាម្សិលមិញ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Pfizer លោក អាល់ប៊ែរ ប៊ូលឡា (Albert Bourla) បាននិយាយថាការលើកលែងប៉ាតង់វ៉ាក់សាំងមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ លោក Albert បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចពិភាក្សាពីការលើកលែងប៉ាតង់ ឬកម្មសិទ្ធិបញ្ញានឹងមិនអាចជួយអ្វីដល់ការបង្កើនការផលិតវ៉ាក់សាំងនៅលើពិភពលោកនោះទេ...ហើយក៏មិនប្រាកដថា ប្រទេសផ្សេងអាចផលិតវ៉ាក់សាំងបាននោះដែរ ជាក់ស្ដែងដូចជាវ៉ាក់សាំងរបស់យើងជាដើម»។ នាយកប្រតិបត្តិរូបនេះបន្តទៀតថា វ៉ាក់សាំងក្រុមហ៊ុន Pfizer ប្រើបច្ចេកវិទ្យា «mRNA» គឺជាវ៉ាក់សាំងដ៏ថ្មីសន្លាង ដូច្នេះមិនទាន់មានរោងចក្រណាមួយក្នុងពិភពលោកមានសមត្ថភាពផលិតដូចពួកយើងបានឡើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តគាំទ្ររបស់លោក ចូ បៃដិនគឺជាដំណឹងល្អសម្រាប់ពិភពលោកដែលកំពុងត្រូវការវ៉ាក់សាំងជាចាំបាច់។ ក៏ប៉ុន្តែ វាក៏នៅមានសំណួរ ជាច្រើនផងដែរថាតើពេលណា ទើបការលើកលែងប៉ាតង់វ៉ាក់សាំងត្រូវបានអនុម័ត, តើប្រទេសអ្នកមានណាខ្លះនឹងចូលរួមក្នុងផែនការរបស់លោក បៃដិន? ហើយរឹតតែសំខាន់នោះគឺថាតើមានមនុស្សប៉ុន្មាននាក់នឹងត្រូវស្លាប់ មុននឹងកិច្ចចរចាត្រូវធ្វើឡើង?

ក្រុមមន្ត្រីអាមេរិកបានទទួលស្គាល់ថាត្រូវការពេលវេលាបន្ថែម ដ្បិតការសម្រេចណាមួយត្រូវធ្វើឡើងក្រោមគោលការណ៍ «កុងសង់ស៊ីស ឬយល់ព្រម ជាឯកច្ឆ័ន» ពីប្រទេសជាសមាជិកទាំង១៦៤ នៃអង្គការពាណិជ្ជកម្មពិភពលោក WTO៕

ប្រភព៖ Foreign Policy (ថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១)