(បាងកក)៖ រដ្ឋមន្រ្ដីសុខាភិបាលថៃ លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រកាសនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ត្រូវបានគេរំពឹងថា នឹងផ្តល់ជូនមកកាន់ប្រទេសថៃនៅត្រីមាសទី៣ និងទី៤ នៃឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។

បើតាមសេចក្ដីប្រកាសនេះ លោក Anutin Charnvirakul បានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer គ្រោងនឹងផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១០-២០លានដូសនៅមុនដំណាច់ឆ្នាំ២០២១នេះ ដោយកិច្ចចរចារជាមួយក្រុមហ៊ុន បានដំណើរការទៅយ៉ាងរលូន។

លោក Anutin Charnvirakul បានគូសបញ្ជាក់បន្ថែមទៀតថា ដំណើរការចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ក៏នឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័សផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចំនួន០៣ រួមមាន Sinovac, AstraZeneca និង Johnson & Johnson ដោយវ៉ាក់សាំង Sinovac និង AstraZeneca បាននិងកំពុងស្ថិតក្រោមការប្រើប្រាស់។ ប៉ុន្តែរដ្ឋាភិបាលថៃ ក៏កំពុងព្យាយាមស្វែងការផ្គត់ផ្គង់វ៉ាក់សាំង ពីក្រុមហ៊ុនផ្សេងៗទៀតផងដែរ៕