(ញូដេលី)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប ៤១៤,៤៣៣នាក់ទៀត ខណៈអ្នកជំងឺរហូតដល់ ៣,៩២០នាក់បាត់បង់ជីវិត។ ចំនួនករណីឆ្លងថ្មីៗ ដែលត្រូវបានប្រកាសចេញនេះគឺជាតួលេខខ្ពស់បំផុត ដែលឥណ្ឌាទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Times of Inida (TOI) នារសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៤៨៥,២៨៥ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២៣៤,០៧១នាក់ និងជាសះស្បើយឡើងវិញ ១៧.៦លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៦៥លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខមហន្តរាយលើវិស័យសុខាភិបាល បង្កឡើងដោយរលកទី ៣ នៃ COVID-19 ដែលបាននិងកំពុងបោកបក់នោះ ប្រទេសឥណ្ឌាកន្លងមកនេះបានទទួលជំនួយពីបរទេស ជាពិសេសគឺអុកស៊ីសែន និងគ្រឿងបរិក្ខាពេទ្យសរុបជាង ៣,០០០តោនរួចទៅហើយ។ ទោះជាបែបនេះក្តី បើតាមការចេញផ្សាយដោយ BBC កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សាធារណជននៅឥណ្ឌាមួយចំនួនបានរិះគន់ថា ជំនួយពីបរទេសភាគច្រើនបំផុត មិនបានទៅដល់ដៃអ្នក ដែលកំពុងត្រូវការជំនួយបំផុតនោះឡើយ៕