(បាងកក)៖ លោកឧត្តមសេនីយ៍ ណាតាថាផុន ណាកផានីត (Nattaphon Narkphanit) ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិថៃបាននិយាយថា ប្រជាជនពេញវ័យទាំងអស់ចំនួន ៦លាននាក់នៅទីក្រុងបាងកក អាចនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅត្រឹមដំណាច់ខែសីហាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ Nattaphon Narkphanit បានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃមានផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនចំនួន ៥០លាននាក់នៅចុងឆ្នាំ២០២១នេះ ដែលមានរយៈពេលត្រឹមតែ ៨ខែទៀតប៉ុណ្ណោះ។

បើតាមផែនការខាងលើនេះ ប្រជាជនប្រមាណ ៦០,០០០នាក់ក្នុងមួយថ្ងៃ នឹងត្រូវទទួលការចាក់វ៉ាក់សាំង នៅទីក្រុងបាងកកចាប់ពីខែឧសភានេះ ដល់ដំណាច់ខែខែសីហា ឆ្នាំ២០២១។ ក្រុមមន្ត្រីថៃកំពុងរៀបចំ កន្លែងចាក់វ៉ាក់សាំងនៅក្នុងសង្កាត់ចំនួន ៥០ នៅទូទាំងរាជធានី ដើម្បីសម្រេចបាននូវគោលដៅនេះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ថៃទើបសម្រេចបានការចាក់វ៉ាក់សាំងជាង ១,៦០០,០០០ដូសប៉ុណ្ណោះជូនប្រជាជន។

គួរបញ្ជាក់ថា ទីក្រុងបាងកក គឺស្ថិតនៅក្នុងតំបន់ដែលមានពណ៌ក្រហមក្រមៅ (ការរឹតត្បឹតកម្រិតខ្ពស់) ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យរដ្ឋមន្រ្តីសុខាភិបាល បង្កើនល្បឿនក្នុងការផ្គត់ផ្គង់ និងការចាក់វ៉ាក់សាំងជូនដល់ប្រជាជន ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

វ៉ាក់សាំងជាច្រើនដូស នឹងមកដល់ប្រទេសថៃនៅចុងខែឧសភា ហើយនឹងត្រូវបានផ្ដល់ការចាក់ជូនយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ពណ៌ក្រហមក្រមៅ។ វ៉ាក់សាំងដែលប្រទេសថៃ បានអនុម័តឲ្យប្រើកន្លងមកនេះរួមមាន AstraZeneca, Sinovac, Johnson & Johnson និង Pfizer។ ប្រទេសថៃនឹងទិញវ៉ាក់សាំងបង្ការ COVID-19 ឲ្យបាន ១០០លានដូស ដែលអាចចាក់ជូនប្រជាជនបាន ៥០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១៕