(អាមេរិក)៖ ប៉ូលិសអាមេរិកបានរាយការណ៍ឱ្យដឹងថា ក្មេងស្រីម្នាក់បានបើកការបាញ់ប្រហារនៅឯសាលារៀនមួយនៅរដ្ឋ អ៊ីដាហូ (Idaho) ភាគពាយ័ព្យនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបណ្ដាលឱ្យមនុស្ស ០៣នាក់រងរបួស មុនពេលត្រូវបានដកហូតអាវុធវិញដោយគ្រូបង្រៀនម្នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។
កូនសិស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ នៅឯសាលារៀន រីកប៊ី (Rigby) ដែលស្ថិតនៅជិតទីក្រុង អ៉ីដាហូ ហ្វលស៍ (Idaho Falls) នៃរដ្ឋ Idaho សហរដ្ឋអាមេរិក គឺជាកូនសិស្សបឋមសិក្សាថ្នាក់ទី ៦ ដែលមានន័យថា នាងអាចមានអាយុចន្លោះពី ១១-១២ឆ្នាំប៉ុណ្ណោះ។
មន្ត្រីនៅក្នុងតំបន់កើតហេតុ គឺលោក ស្ទេវ អ៊ែនដឺសុន (Steve Anderson) បានគូសបញ្ជាក់ថា «នាងបានដកកាំភ្លើងខ្លីចេញពីកាតាបរបស់នាង និងបានបាញ់ជាច្រើនគ្រាប់នៅខាងក្នុង និងក្រៅសាលារៀន។ អ្នករងរបួសគឺជាកូនសិស្ស ០២នាក់ និងបុគ្គលិកម្នាក់ ប៉ុន្តែពួកគេទំនងជាងមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះឡើយ»។
មន្ត្រីខាងលើបានបញ្ជាក់បន្ថែមថា «ក្នុងអំឡុងពេលនៃការបាញ់ប្រហារ គ្រូបង្រៀនម្នាក់បានព្យាយាមដកហូតអាវុធ ចេញពីកូនសិស្សម្នាក់នោះ ហើយបានឃាត់ខ្លួននាងជាបណ្តោះអាសន្ន ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់»។ ករណីប្រើប្រាស់អាវុធ ដោយក្មេងមិនទាន់គ្រប់អាយុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយ ទីភ្នាក់ងារ FBI ក៏ដូចជាអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់៕