(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដើម្បីយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មី ហើយសហរដ្ឋអាមេរិកនឹងស្វះស្វែងរកមធ្យោបាយគាំទ្របន្ថែម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។
ការលើកឡើងខាងលើរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេស អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាពិភពលោកទាំងមូលមិនប្រឹងប្រែងបន្ថែមទេ នោះពិភពលោកនឹងមិនត្រូវបានចាក់វ៉ាក់សាំងឡើយរហូតដល់ឆ្នាំ២០២៤។ យើងអាចបង្កើនល្បឿនចាក់វ៉ាក់សាំង និងអាចធ្វើវាបានហើយខ្ញុំគិតថាអាចធ្វើ វាក្នុងរយៈពេលដ៏ខ្លីទៀតផង»។
គួរបញ្ជាក់ថា បន្ទាប់ពីរងការរិះគន់ប្រមូលទិញវ៉ាក់សាំងស្ដុកទុក សហរដ្ឋអាមេរិកបានសន្យាថានឹងចែករំលែកវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ជាមួយបណ្ដាប្រទេសផ្សេង ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានប្រកាសគាំទ្រផងដែរចំពោះការលើកលែងប៉ាតង់ ឬសិទ្ធិផ្ដាច់មុខផលិតវ៉ាក់សាំង COVID-19 សំដៅសម្រួលដល់បណ្ដាប្រទេសដទៃអាច ឬបង្កើនការផលិតវ៉ាក់សាំងបំពេញកង្វះខាតនាពេលបច្ចុប្បន្ន៕