(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ Moderna បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពរហូតដល់ ៩៦% ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 សម្រាប់ក្មេងជំទង់ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ១៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CBS News នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
ភស្ដុតាងដែលថាវ៉ាក់សាំងរបស់ Moderna មានប្រសិទ្ធភាពចំពោះមនុស្សវ័យជំទង់េនះ បានកើតឡើងនៅពេលគូប្រជែងរបស់ខ្លួនគឺក្រុមហ៊ុន Pfizer ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់លើក្មេងជំទង់ពីរដ្ឋបានចំណីអាហារ និងឱសថអាមេរិកនៅដើមសប្តាហ៍ក្រោយនេះ។
ការយល់ព្រមពីសហព័ន្ធលើវ៉ាក់សាំងមួយ ឬច្រើន អាចនឹងធ្វើឱ្យសិស្សវិទ្យាល័យរបស់សហរដ្ឋអាមេរិក អាចទទួលបានការចាក់វ៉ាក់សាំង មុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២១-២០២២ ។
បច្ចុប្បន្នវ៉ាក់សាំង COVID-19 ត្រូវបានអនុម័តឲ្យប្រើប្រាស់ សម្រាប់តែមនុស្សដែលមានអាយុលើសពី១៦ ឆ្នាំប៉ុណ្ណោះ។
ក្រុមហ៊ុន Moderna បាននិយាយថា ការតេស្តសាកល្បងវ៉ាក់សាំងនេះមានក្មេងជំទង់ប្រមាណជាង ៣២០០នាក់បានចូលរួម ដោយបានគូសបញ្ជាក់ថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានគេរកឃើញទេ ទោះបីជាមានផលប៉ះពាល់បន្តិចបន្តួចរួមមានការឈឺចាប់នៅកន្លែងចាក់ថ្នាំ ឈឺក្បាល អស់កម្លាំង ឈឺពោះ និងរងារញាក់សម្រាប់ការចាក់ដូសទី២ ក៏ដោយ៕