(ញូវដេលី)៖ ការសិក្សាថ្មីមួយបាននិយាយថា ប្រជាជនឥណ្ឌាប្រហែល ២៣០លាននាក់បានធ្លាក់ក្នុងភាពក្រីក្រ ដោយសារការរីករាលដាល នៃជំងឺ COVID-19 កាលពីឆ្នាំមុន ខណៈយុវជននិងស្ត្រីគឺជាក្រុមមនុស្សដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយរលកឆ្លងទី២ នាពេលបច្ចុប្បន្ននេះ បានគំរាមកំហែងធ្វើឱ្យបញ្ហាកាន់តែអាក្រក់ឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
របាយការណ៍ពីសាកលវិទ្យាល័យ Azim Premji ដែលមានមូលដ្ឋាននៅទីក្រុង Bangalore បានឲ្យដឹងថា វិធានការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹងរបស់ឥណ្ឌា ដែលបានបន្តអស់រយៈពេលជាច្រើនខែ ចាប់តាំងពីខែមីនាមក បានបណ្តាលឱ្យមនុស្សជិត ១០០លាននាក់បាត់បង់ការងារធ្វើ ហើយប្រហែលជា ១៥ភាគរយនៃពួកគេ មិនអាចរកការងារធ្វើបានវិញរហូតដល់ចុងឆ្នាំ។
បើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះបានគូសបញ្ជាក់ថា ស្ត្រីគឺស្ថិតក្នុងស្ថានភាពអាក្រក់ជាងមុន ដោយមានចំនួនស្ត្រីប្រមាណ ៤៧ភាគរយមិនអាចរកការងារធ្វើបានទេ ទោះបីវិធានការរឹតត្បិតត្រូវបានលើកចេញវិញក៏ដោយ។
របាយការណ៍ដែលបានកំណត់ប្រជាជនក្រីក្រថា ជាប្រជាជនដែលមានប្រាក់ចំណូលតិចជាង ៣៧៥រូពី ឬ ៥ដុល្លារអាមេរិកក្នុងមួយថ្ងៃនោះបាននិយាយថា «ទោះបីជា ជារួមប្រាក់ចំណូលនៅទូទាំងប្រទេសទាបស្រាប់ទៅហើយក៏ដោយ ក៏ប៉ុន្តែជំងឺរាតត្បាតនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រួសារក្រីក្រ»។
គួរបញ្ជាក់ថា ប្រជាជនឥណ្ឌាប្រមាណ ៥០លាននាក់ត្រូវបានគេរំពឹងថា នឹងរួចផុតពីភាពក្រីក្រកាលពីឆ្នាំមុន។ ផ្ទុយទៅវិញប្រជាជនក្រីក្របំផុតចំនួន ២០ភាគរយបានបាត់បង់ប្រាក់ចំណូលទាំងស្រង់នៅក្នុងខែមេសា និងឧសភា នៅពេលដែលអាជីវកម្មត្រូវបានបិទទ្វារ៕