(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីនឹងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនចេញពីតំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសឥណ្ឌា ចំពេលមានការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងនិងស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។
រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភានេះបាននិយាយថា បេសកកម្មធ្វើមាតុភូមិនិវត្តន៍នេះនឹងប្រើយន្ដហោះពិសេសរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងការបរទេសម៉ាឡេស៊ីបានលើកឡើងដូច្នេះថា «យន្ដហោះ(ពិសេសនេះ) នឹងធ្វើដំណើរទៅកាន់ទីក្រុងញូវដេលី និងទីក្រុងមុមបៃ នៃប្រទេសឥណ្ឌា នៅពេលដែលរាល់ការរៀបចំដែលពាក់ព័ន្ធ រួមមានទាំងការយល់ព្រមពីរដ្ឋាភិបាលឥណ្ឌាសម្រាប់ការហោះហើរពិសេសផងដែរ»។
លោក Hishamuddin បានគូសបញ្ជាក់បន្ថែមថា ការសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍ជនជាតិម៉ាឡេស៊ី ត្រូវបានធ្វើឡើងរួមគ្នាជាមួយទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយពិចារណាលើការសង្កេត និងវិភាគដែលធ្វើឡើងដោយក្រុមបេសកកម្មម៉ាឡេស៊ីនៅប្រទេសឥណ្ឌា៕