(ញូយ៉ក)៖ អង្គការអន្តរជាតិសរុបជាង ២០០ បានធ្វើការអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ដាក់ទណ្ឌកម្មផ្នែកសព្វាវុធទៅលើប្រទេសមីយ៉ាន់ម៉ា ព្រោះវាដល់ពេលហើយ ដែលសេចក្តីថ្លែងការណ៍នានាត្រូវតែដាក់ចេញ និងអនុវត្ត ដើម្បីការពារក្រុមបាតុករ និងអ្នកប្រឆាំងរបបដឹកនាំយោធាមីយ៉ាន់ម៉ា ដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍រួម ដោយក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងជាង ២០០ នៅទូទាំងពិភពលោកខាងលើនេះ ក៏បានរំលឹកផងដែរ អំពីលទ្ធផលក្រោយការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល និងការបង្ក្រាបដោយហិង្សាពីសំណាក់ កងកម្លាំងសន្តិសុខនៅមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ដើមខែឧសភា ឆ្នាំ២០២១នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៦៩នាក់ (៥១នាក់ជាកុមារ) និងមនុស្សរាប់ពាន់នាក់ទៀតបានរបួស ព្រមទាំងត្រូវបានចាប់ឃុំខ្លួន។

ក្រុមអង្គការក្រៅរដ្ឋាភិបាលខាងលើនេះ បានគូសបញ្ជាក់ទៀតថា «មិនគួរមានរដ្ឋាភិបាលប្រទេសណាមួយ លក់គ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់ ទៅដល់យោធា (មីយ៉ាន់ម៉ា) នៅក្នុងកាលៈទេសៈបែបនេះឡើយ។ ការហាមឃាត់លក់សព្វាវុធជាសកលមួយ ទៅដល់ប្រទេសមីយ៉ាន់ម៉ា គឺជាជំហានដ៏ចាំបាច់ដែលក្រុមប្រឹក្សាសន្តិសុខ UN គួរតែធ្វើ ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សា ដែលបាននិងកំពុងបង្កឡើងដោយយោធា (មីយ៉ាន់ម៉ា)»