(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះបានគណនាឃើញថា ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសឥណ្ឌាគឺស្មើនឹង ៤៦% នៃចំនួនករណីឆ្លងសរុបដែលត្រូវបានកត់ត្រា នៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន ខណៈចំនួនអ្នកស្លាប់គឺស្មើនឹង ២៥% នៃចំនួនមនុស្សស្លាប់សរុប នៅទូទាំងពិភពលោកដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP។
ការកើនឡើងនៃចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសឥណ្ឌា រួមទាំងវីរុស COVID-19 បំប្លែងខ្លួនថ្មី បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ ដោយមន្ទីរពេទ្យមិនមានគ្រែ និងអុកស៊ីសែនគ្រប់គ្រាន់ សម្រាប់ផ្ដល់ឱ្យអ្នកជំងឺសម្រាកព្យាបាល និងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់បញ្ចុះសព និងបូជាសពអ្នកជំងឺដែលបានស្លាប់។ អ្នកជំងឺជាច្រើនបានស្លាប់ នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ និងចំណតរថយន្ត ខណៈកំពុងរង់ចាំគ្រែ ឬអុកស៊ីសែនដើម្បីសម្រាកព្យាបាល។
WHO បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនថា ករណីឆ្លងថ្មីៗ COVID-19 ជាង ៥.៧លានករណីត្រូវបានកត់ត្រា នៅទូទាំងពិភពលោកកាលពីសប្តាហ៍មុន និងមានមនុស្សស្លាប់ជាង ៩៣,០០០នាក់។ នៅប្រទេសឥណ្ឌាតែឯង បានកត់ត្រាពីករណីឆ្លងសរុបជាង ២.៦លាននាក់ ដោយបានកើនឡើង ២០% បើធៀបនឹងសប្តាហ៍មុនមួយទៀត ខណៈមនុស្សស្លាប់មានចំនួន ២៣,២៣២នាក់ នៅក្នុងរយៈពេលមួយសប្តាហ៍។
គួរបញ្ជាក់ថា ចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២២៦,១៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៧លាននាក់។ ដោយឡែកអ្នកជំងឺកំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាលមានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ៕