(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវនៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានជំរុញឲ្យពលរដ្ឋគ្រប់រូប រួមគ្នាទប់ទល់ការឆ្លងរាតត្បាតជំងឺ COVID-19 តាមរយៈវិធានការនានាដែលត្រូវបានដាក់ចេញ ក្នុងនោះរួមមានទាំងការបិទខ្ទប់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ ដែលមានករណីឆ្លងច្រើនជាងគេផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមមន្ត្រីក្រសួងសុខាភិបាលឡាវ គ្រប់ស្ថាប័នទាំងរដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវមានកាតព្វកិច្ចណែនាំឲ្យមនុស្សគ្រប់រូប អនុវត្តវិធានការសុវត្ថិភាព ដូចជាការពាក់ម៉ាស, លាងដៃឲ្យបានទៀងទាត់ និងរក្សាគម្លាតសុវត្ថិភាព នៅរាល់ពេលធ្វើដំណើរចេញទៅក្រៅ។ កាលពីថ្ងៃអង្គារម្សិលមិញនេះ អាជ្ញាធរឡាវបានសម្រេចចិត្ត អូសបន្លាយពេលបន្ថែមសម្រាប់ វិធានការបិទខ្ទប់ប្រទេស ឬ Lockdown ចំនួន ១៥ថ្ងៃទៀត។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសឡាវដែលមានចំនួនប្រជាជនសរុប ៧.៣៦លាននាក់ មានករណីឆ្លង COVID-19 សរុប ១,០៧២ករណីហើយ ក្រោយពីអ្នកឆ្លង ៤៦នាក់ទៀតត្រូវបានបូកបញ្ចូល។ ប្រទេសឡាវមិនមានករណីស្លាប់ ដោយសារតែជំងឺ COVID-19 ឡើយ ខណៈអ្នកជាសះស្បើយមានចំនួន ៩៩នាក់ និងអ្នកជំងឺរហូតដល់ ៩៧៣នាក់ទៀតកំពុងសម្រាកព្យាបាល៕