(ញូយ៉ក)៖ ការប្រកាសលែងលះគ្នាដោយបិទបញ្ចប់ជីវិតអាពាហ៍ពិពាហ៍រួមរស់នៅជាមួយគ្នារយៈពេល ២៧ឆ្នាំមកនេះរវាងកំពូលមហាសេដ្ឋីអាមេរិក លោក ប៊ីល ហ្គេត (Bill Gates) និងលោកស្រី មីលីនដា ហ្គេត (Melinda Gates) បានបង្កឱ្យមានសំណួរជាច្រើនជុំវិញអនាគតមូលនិធិ Gates Foundation ដែលជាមូលនិធិមនុស្សធម៌ដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក។

Gates Foundation បានចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចការសុខភាពពិភពលោក, ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពការងារមនុស្សធម៌ជាច្រើនទៀត ជាពិសេសគឺការផ្ដល់មូលនិធិដល់យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 តែម្ដង។ ដូច្នេះថាតើមូលនិធិនេះដំណើរការយ៉ាងដូចម្ដេច ហើយថាតើការលែងលះរវាងលោក Bill Gates និងលោកស្រី Melinda Gates អាចនឹងប៉ះពាលដល់សកម្មភាពមនុស្សធម៌នៅជុំវិញពិភពលោក ដែរឬក៏យ៉ាងណា?

*បេសកកម្ម និងកញ្ចប់ថវិកាដ៏សម្បើម

លោក Bill Gates និងលោកស្រី Melinda Gates បាននិយាយថាគំនិតបង្កើតមូលនិធិ Gates Foundation ឡើងគឺកើតចេញពីការអានកាសែត។ នៅថ្ងៃ មួយ អ្នកទាំងពីរបានអានអត្ថបទកាសែតមួយដែលនិយាយពីកុមាររាប់លាននាក់ នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍបានស្លាប់ដោយសារជំងឺដែលមិនគួរ ស្លាប់ ឬគេអាចព្យាបាលបានដូចជាជំងឺរាគរូស និងរលាកសួតជាដើម។

នៅឆ្នាំ២០០០ មូលនិធិ Gates Foundation ត្រូវបានបង្កើត និងប្រកាសសម្ពោធជាផ្លូវការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ព្រមទំាំងភាពក្រីក្រនៅជុំវិញ ពិភពលោក។ មូលនិធិនេះមានបុគ្គលិក ១,៦០០នាក់ ហើយបានបរិច្ចោគប្រាក់ ៥ពាន់លានដុល្លារជារៀងរាល់ឆ្នាំដល់វិស័យសុខាភិបាលសាធារណសកល និងការអភិវឌ្ឍ។ Gates Foundation បានអះអាងថាខ្លួនបានបរិច្ចាគប្រាក់ជាង ៥៤.៨ពាន់លានដុល្លារចាប់តាំងពីថ្ងៃបង្កើតមូលនិធិនេះឡើងមក។

*ប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត

កាលពីឆ្នាំ២០២០ Gates Foundation បានសន្យាថានឹងផ្ដល់ប្រាក់ ២៥០លានដុល្លារដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតដោយមួយផ្នែកត្រូវបាន ផ្គត់ផ្គង់ជាវ៉ាក់សាំង COVID-19 រាប់លានដូសទៅកាន់តំបន់អាហ្រ្វិក និងអាស៊ីខាងត្បូង។ មូលនិធិទាំងនេះក៏គំាទ្រដល់យុទ្ធនាការធ្វើតេស្ដ, ការផ្ដល់សម្ភារការពារនានា និងគាំទ្រដល់សេវាសុខាភិបាលដែលកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ជាពិសេសក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។

កាលពីឆ្នាំ២០១៤ មូលនិធិបានផ្ដល់ប្រាក់ច្រើនជាង ៥០លានដុល្លារអំឡុងជំងឺអេបូឡាឆ្លងរាតត្បាតខ្លាំង។ លើសពីនេះទៅទៀត Gates Foundation ក៏ចូលរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការបង្កើតកម្មវិធី Covax ដែលមានគោលដៅចែកចាយវ៉ាក់សាំងដល់ បណ្ដាប្រទេសក្រីក្រ។ គិតជាសរុប Gates Foundation បានចំណាយប្រាក់ជាង ១.៧៥ពាន់លានដុល្លារដើម្បីប្រយុទ្ធប្រឆាំង COVID-19 ចាប់តាំងពីជំងឺដ៏កាចសាហាវនេះ ផ្ទុះឡើង។

តើនរណាដំណើរការ Gates Foundation?

លោក Bill Gates មានអាយុ៦៥ឆ្នាំ និងលោកស្រី Melinda Gates មានអាយុ៥៦ឆ្នាំគឺជាសហប្រធានមូលនិធិ Gates Foundation ខណៈលោក Warren Buffett ជាអ្នកចាត់ការទូទៅ។ រីឯលោក Mark Suzman ជានាយកប្រតិបត្តិ (CEO)។ ប៉ុន្មានឆ្នាំដំបូង នៅពេលលោក Bill Gates ជាប់ដៃជាមួយកិច្ចការរក រកស៊ីរបស់ក្រុមហ៊ុន Microsoft គេឃើញថាលោកស្រី Melinda គឺជាអ្នកដឹកនាំមូលនិធិនេះ។

នៅឆ្នាំ២០០៨ លោក Bill Gates បានដកឃ្លាពីកិច្ចការក្នុងក្រុមហ៊ុន Microsoft ដើម្បីធ្វើការឱ្យមូលនិធិហើយកាលពីឆ្នាំ២០២០ លោកបានសម្រេចចិត្ត លាលែងចេញពីតំណែងជាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Berkshire Hathaway ក្រោមហេតុផលដូចគ្នាគឺយកពេលមកផ្ដោតលើ ការងារមនុស្សធម៌។ នៅត្រង់នេះគេពិបាកបែងចែកណាស់ថានរណាមានឥទ្ធិពលខ្លាំងជាងនរណា។

*តើ Gates Foundation បានមូលនិធិមកពីណា?

លោក Bill Gates និងលោកស្រី Melinda Gates បានផ្ទេរមូលនិធិ ២០ពាន់លានដុល្លារនៃភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុន Microsoft ដល់ Gates Foundation នៅថ្ងៃដំបូងនៃការបង្កើតមូលនិធិនេះឡើង។ ក្នុងឆ្នាំ២០០៦ មហាសេដ្ឋីលោក Warren Buffett បានប្រកាសថាលោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់លោកមួយភាគធំដល់ Gates Foundation ក្រោមទម្រង់នៃភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុន Berkshire Hathaway។ ៤ឆ្នាំក្រោយមក លោក Bill Gates និងលោក Buffett បានប្រកាសដាក់ឱ្យដំណើរការគំនិតផ្ដួចផ្ដើម Giving Pledge ដែលជំរុញលើកទឹកចិត្តឱ្យសេដ្ឋី ឬមហាសេដ្ឋីបរិច្ចាគ ប្រាក់យ៉ាងហោច ៥០ភាគរយនៃទ្រព្យសម្បត្តិរបស់ពួកគេក្នុងកិច្ចការមនុស្សធម៌ ឬដល់មូលនិធិមនុស្សធម៌នានា ក្នុងនោះរួមមានទាំងមូលនិធិ Gates Foundation។

មកទល់នឹងបច្ចុប្បន្ន មនុស្សល្បីៗ និងមានឥទ្ធិពលច្រើនជាង២០០នាក់បានសន្យាបរិច្ចាគទ្រព្យសម្បតិ្តរបស់ពួកគេហើយ Gates Foundation ទទួលបាន អំណោយបរិច្ចាគច្រើនជាង ៤៦ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀត គិតត្រឹមចុងឆ្នាំ២០២០ ម្ចាស់ជំនួយធំបំផុតរបស់ Gates Foundation មានដូចជា ក្រុមហ៊ុន Berkshire Hathaway, Walmart, Caterpillar, US company Waste Management និងក្រុមហ៊ុន Canadian National Railway Company ជាដើម។

*តើការលែងលះនឹងគំរាមកំហែងដល់មូលនិធិ ឬទេ?

លោក Bill Gates ដែលបច្ចុប្បន្នជាអ្នកមានជាងគេលំដាប់ទី៤ នៅលើពិភពលោកជាមួយទ្រព្យសរុប ១៣០ពាន់លានដុល្លារ និងលោកស្រី Melinda បានសន្យាថាពួកគេនឹងបន្តធ្វើការងាររួមគ្នាលើមូលនិធិ Gates Foundation។ ក៏ប៉ុន្តែ ការលែងលះគ្នាអាចនឹងបង្កើតសំណួរជាច្រើនពាក់ព័ន្ធនឹង ទ្រព្យសម្បត្តិរបស់អ្នកទាំង២ ក្នុងនោះមានទ្រព្យភាគច្រើនមិនទាន់ត្រូវបានបរិច្ចាគនៅឡើយ។ ដូច្នេះអនាគតនៃ Gates Foundation គឺអាចអាស្រ័យលើ លក្ខខណ្ឌហិរញ្ញវត្ថុនៃការលែងលះដែលកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

លោកស្រី Melinda អាចប្រហែលជាចង់យកគំរូតាមលោកស្រី MacKenzie Scott ដែលបានបរិច្ចាគប្រាក់ ៦ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីលែងលះ ជាមួយកំពូលមហាសេដ្ឋីអាមេរិកលោក Jeff Bezos កាលពីឆ្នាំ២០១៩ ហើយបច្ចុប្បន្នលោកស្រី MacKenzie គឺជាបុគ្គលឯករាជ្យខាងមនុស្សធម៌ ដ៏មានឥទ្ធិពលមា្នក់៕

ប្រភព៖ AFP (ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១)