(ម៉ានីល)៖ រដ្ឋបាលចំណីអាហារនិងឱសថ (FDA) របស់ហ្វីលីពីន បានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។
អគ្គនាយក FDA ហ្វីលីពីន លោក អេនរីគ ដូមីនហ្គោ (Enrique Domingo) បានឲ្យដឹងនៅថ្ងៃពុធនេះថា ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើង ក្រោយការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ជាទីបំផុត ដោយរដ្ឋបាល FDA ផ្ទាល់ និងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដទៃទៀត ដោយប្រើប្រាស់ទិន្នន័យដែលមាននៅក្នុងដៃ។ លោក Domingo បានបន្ថែមថា អត្ថប្រយោជន៍របស់វ៉ាក់សាំង Moderna ក្នុងការប្រឆាំងទប់ទល់នឹងជំងឺ COVID-19 គឺលើសហានិភ័យរបស់វាឆ្ងាយណាស់។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គឺជាវ៉ាក់សាំង COVID-19 ទី០៧ហើយ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរ FDA របស់ហ្វីលីពីន។ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហ្វីលីពីនមានករណីឆ្លងសរុបនៃ COVID-19 ចំនួន១,០៦៧,៨៩២នាក់ ក្នុងនោះមានអ្នកស្លាប់ ១៧,៦២២នាក់៕