(ប៉េកាំង)៖ កាលពីថៃ្ងទី៣ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកមានវត្តមាននៅទីក្រុងឡុងដ៍ រដ្ឋធានីអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេស G7។ ដូចការប៉ាន់ប្រមាណពីមជ្ឈដ្ឋានខាងក្រៅ ដំណើរទស្សនកិច្ចរបស់លោក Antony Blinken បានបង្ហាញពីការប៉ុនប៉ងយ៉ាងកម្រោលរបស់អាមេរិក ដែលចង់រួមសហការជាមួយសម័្ពន្ធមិត្ត ដាក់សម្ពាធទៅលើប្រទេសចិននិងរុស្ស៊ី។
ខណៈពេលលោកចូ បៃដិន ប្រធានាធិបតីអាមេរិកឡើងកាន់មុខតំណែង១០០ថ្ងៃ រឿងនេះធ្វើឱ្យអ្នកផងទាំងពួង មើលឃើញកាន់តែច្បាស់ពី ការកែសម្រួលរចនាសម័្ពន្ធយុទ្ធសាស្ត្រនៃកិច្ចការទូតរបស់អាមេរិក។ មួយផែ្នក សហរដ្ឋអាមេរិកបានបង្ហាញមេត្រីភាពជាញឹកញាប់ ទៅកាន់សម្ព័ន្ធមិត្តប្រពៃណីនៅអឺរ៉ុប ដោយរំពឹងថា សម្ព័ន្ធមិត្តទាំងនេះ នឹងដើរតួនាទីសំខាន់ក្នុងការធ្វើសកម្មភាពជ្រៀតជ្រែក និងដាក់សម្ពាធទៅលើប្រទេសចិន។ មួយផែ្នកទៀត សហរដ្ឋអាមេរិកក៏បាននិងកំពុងពន្លឿន ការប្រមូលផ្តុំប្រភពធនធានយុទ្ធសាស្ត្ររបស់ខ្លួន នៅលើពិភពលោកផងដែរ។
ប៉ុន្តែ សង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ដែលអូសបន្លាយអស់រយៈពេល២០ឆ្នាំ មិនត្រឹមតែបានបន្សល់ទុកប្រទេសអាហ្វហ្គានីស្ថាន ដែលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ អាមេរិកក៏បានរងផលវិបាកតបតវិញយ៉ាងធ្ងន់ធ្ងរ ពីសកម្មភាពរបស់ខ្លួនដែលបានជ្រៀតជ្រែកបរទេស ក្នុងរយៈពេលវែងផងដែរ។
សារព័ត៌មាន AP អាមេរិកបានបូកសរុបពីសង្គ្រាមដែលអាមេរិក បានចំណាយពេលវេលាវែងបំផុតមួយនេះថា៖ មានទាហានអាមេរិកចំនួនជាង ២៤០០នាក់ស្លាប់បាត់បង់ជីវិត ប្រធានាធិបតី៤អាណត្តិក៏មិនអាចអត់ទ្រាំបានទេ ហើយចុងបំផុតសង្គ្រាមលើកនេះ បានចំណាយដើមទុនសរុប ២.៦២ទ្រីលានដុល្លារអាមេរិក។ ជាងនេះទៅទៀត សង្គ្រាមលើកនេះ បានបណ្តាលឱ្យសេដ្ឋកិច្ចរបស់អាមេរិកធ្លាក់ចុះយ៉ាងខ្លាំង សង្គមមានភាពបំបែកបំបាក់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាកើតមានជ្រុលនិយមខាងនយោបាយ ដែលពិបាកដោះស្រាយបាន កម្លាំងជាតិក៏មានភាពថមថយចុះយ៉ាងខ្លាំងផងដែរ។
បន្ទាប់ពីរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីឡើងកាន់មុខតំណែង ពិភពខាងក្រៅបានយកចិត្តទុកដាក់ជាទូទៅថា តើរដ្ឋាភិបាលអាណត្តិថ្មី នឹងអភិបាលមហាប្រទេស ដែលបានធ្លាក់ចូលក្នុងភាពបំបែកបំបាក់យ៉ាងដូចម៉្តេច។ បន្ទាប់ពីឡើងកាន់មុខតំណែង ១០០ អ្នកផងទាំងពួងទទួលបានចម្លើយ ពោលគឺ ការរងផលវិបាកបណ្តាលមកពីសកម្មភាពជ្រៀតជ្រែក នៅមិនទាន់បញ្ចប់នោះឡើយទេ តែអាមេរិកក៏បានចាប់ផ្តើមងាកទៅកាន់តំបន់ប៉ាស៊ីហ្វិក ដើម្បីអូសទាញសម្ព័ន្ធមិត្តរួមគ្នា ធ្វើសកម្មភាពជ្រៀតជ្រែកជាថ្មីម្តងទៀត។
ដោយសារចង់ឱ្យប្រទេសជប៉ុនដើរតួជា អ្នកនាំមុខក្នុងការប្រយុទ្ធប្រឆាំងនឹងប្រទេសចិន ដូច្នេះអាមេរិកដែលតែងតែអួតអាងថា ខ្លួនជា «អ្នកការពារបរិស្ថាន» បែរជាបណ្តែតបណ្តោយយ៉ាងកម្រោល ចំពោះសេចក្តីសម្រេចចិត្តរបស់ជប៉ុន ស្តីពីការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្រ។ ប្រការនេះមិនត្រឹមតែធ្វើឱ្យអាមេរិក មានទង្វើខុសឆ្គងថែមមួយកម្រិតទៀត លើបញ្ហាការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យពិភពលោកបានមើលច្បាស់ហើយថា ដើម្បីដណ្តើមបានផលប្រយោជន៍ ខាងភូមិសាស្ត្រនយោបាយ អ្នកនយោបាយអាមេរិក មានភាពអាត្មានិយម និងភាពអគតិដល់កម្រិតយ៉ាងណា ។
ប្រវតិ្តសាស្ត្រដូចជាកញ្ចក់។ អាមេរិកបានធ្វើកិច្ចជ្រៀតជ្រែកអស់រយៈពេលរាប់សិបឆ្នាំនៅមជ្ឈិមបូព៌ា ចុងបំផុតបានធ្លាក់ចូលក្នុង ជ្រោះដ៏គ្រោះថ្នាក់និងអាម៉ាស់មុខ។ នៅតំបន់អាស៊ី បើសិនជាអាមេរិកចង់ធ្វើ កិច្ចជ្រៀតជ្រែកទៅលើប្រទេសចិន ដែលមានភាពធន់យ៉ាងខ្លាំងក្លា នោះពិតជានឹងរងគ្រោះយ៉ាងខ្លាំងទៀត។ អ្នកធ្វើសម្រេចគោលនយោបាយរបស់អាមេរិក ចាំបាច់ត្រូវគិតពិចារណាយ៉ាងល្អិតល្អន់ថា ប្រសិនបើអាមេរិកខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពធ្វើបដិបក្ខគ្នាជាមួយប្រទេសចិន នោះសហរដ្ឋអាមេរិកអាចអត់ទ្រាំផលវិបាកដ៏ធ្ងន់ធ្ងរបណ្តាលមកពី ការទទូចធ្វើសកម្មភាពជ្រៀតជ្រែកនិយមជាថ្មីម្តងទៀតឬអត់៕