(សេអ៊ូល)៖ ទិន្នន័យក្នុងស្ថានភាពប្រើប្រាស់ជាក់ស្តែង ដែលចេញផ្សាយដោយប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 មួយដូសពីក្រុមហ៊ុនអង់គ្លេស AstraZeneca និងក្រុមហ៊ុនអាមេរិក Pfizer មានប្រសិទ្ធភាពរហូតដល់ ៨៦.៦ភាគរយ ក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ក្នុងចំណោមមនុស្ស ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ទិន្នន័យពីទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពរហូតដល់ ៨៩.៧ភាគរយ ក្នុងការការពារប្រឆាំងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នៅរយៈពេលយ៉ាងហោច ២សប្តាហ៍ បន្ទាប់ពីការចាក់ដូសទី១ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca មានប្រសិទ្ធភាព ៨៦ភាគរយ។
ការវិភាគរបស់ KDCA នេះ គឺផ្អែកលើប្រជាជនជាង៣.៥លាននាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងមានរយៈពេល០២ខែ ដោយគិតចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ និងរាប់បញ្ចូលទាំងមនុស្សចំនួន ៥២១,១៣៣នាក់ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី១ របស់ក្រុមហ៊ុនអាមេរិក Pfizer ឬរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca។ បើតាម KDCA ក្នុងនោះ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,២៣៧នាក់ ប៉ុន្តែមាន២៩នាក់ប៉ុណ្ណោះ ដែលមកពីក្រុមដែលបានទទួលការចាក់វ៉ាក់សាំង។
បើតាម KDCA វាបានបង្ហាញថា វ៉ាក់សាំងទាំងពីរផ្តល់នូវការការពារខ្ពស់ប្រឆាំងនឹងជំងឺ COVID-19 បន្ទាប់ពីការចាក់ដូសទី១។ ទោះបែបនេះក៏ដោយ ប្រជាជនគួរតែទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ តាមកាលវិភាគដែលបានណែនាំ ព្រោះអត្រាការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នឹងកើនឡើងបន្ថែមទៀតបន្ទាប់ពីការចាក់ដូសទី២។
គួរបញ្ជាក់ថា ការរកឃើញខាងលើ បានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមជំរុញឲ្យប្រជាជនទៅទទួលការចាក់ វ៉ាក់សាំងកាន់តែច្រើនថែមទៀត បន្ទាប់ពីមានរបាយការណ៍អំពីក្តីបារម្ភផ្នែកសុវត្ថិភាព ដែលបានធ្វើឲ្យមនុស្សមួយចំនួនមានការស្ទាក់ស្ទើរ ៕