(សាន់ហ្រ្វាន់ស៉ីស្កូ)៖ មន្រ្តីប៉ូលិសកំពុងតាមប្រមាញ់បុរសម្នាក់ ដែលបានចាក់ស្ត្រីជនជាតិអាមេរិកដើមកំណើតអាស៉ី ០២នាក់ បណ្ដាលឲ្យរងរបួស នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅតំបន់ Mid-Market នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។
មន្រ្តីប៉ូលិស ត្រូវបានបញ្ជូនទៅកាន់ផ្លូវលេខ 4th និងផ្លូវ Stockton នៅម៉ោងជិត០៥៖០០នាទីល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា (ពេលវេលា ក្នុងតំបន់នៅអាមេរិក) និងបានប្រទះឃើញស្ត្រីពីរនាក់ដែលរងរបួស ហើយពួកគេក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ។ យ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ច្បាស់ អំពីស្ថានភាពរបស់ពួកគេទេ។
សាក្សីបានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ KPIX ថា ស្ត្រីម្នាក់មើលទៅដូចជាមានវ័យចំណាស់ ហើយស្រ្តីម្នាក់ទៀតមើលទៅដូចជាមានវ័យ ខ្ទង់៣០ឆ្នាំ។ ពួកគេបានឃើញ បុរសម្នាក់កាន់កាំបិត និងដើរសំដៅទៅជិតចំណតរថយន្តក្រុងមួយកន្លែង រួចក៏បានចាក់ស្ត្រី០២នាក់នោះ ហើយបានដើរចេញបាត់។ ខាងប៉ូលិសមិនទាន់ឲ្យតំរុយភ្លាមៗនោះទេ ថាតើស្ត្រី០២នាក់នោះ ត្រូវបានជនសង្ស័យកំណត់គោលដៅ ជាក់លាក់ ឬថាតើការវាយប្រហារនេះ អាចជាឧក្រិដ្ឋកម្មផ្តើមឡើងពីការស្អប់ខ្ពើមឬយ៉ាងណានោះទេ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនជាតិអាមេរិកដើមកំណើតអាស៉ី បានក្លាយជាគោលដៅនៃការវាយប្រហារជាច្រើនលើក នៅក្នុងតំបន់ Bay Area នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៕