(វ៉ាស៊ីនតោន)៖ អ្នកសម្របសម្រួលគោលនយោបាយអាមេរិក សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ឃើត ខេមប៊ែល (Kurt Campbell) បាននិយាយថា ការប្រកាន់ជំហរច្បាស់លាស់លើការប្ដេជ្ញាចិត្តការពារកោះតៃវ៉ាន់ គឺជាយុទ្ធសាស្ត្រមួយដែលនឹងនាំឱ្យ «ខូចខាតប្រយោជន៍របស់សហរដ្ឋអាមេរិក»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។
លោក Kurt Campbell ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងវេទិកាពិភាក្សាមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ រៀបចំឡើងដោយកាសែត ហ្វាយណិនសល ថាមស៍ (Financial Times)។ បើតាមលោក Campbell ការព្រួយបារម្ភពីស្ថានភាពកោះតៃវ៉ាន់បច្ចុប្បន្ន គឺជារឿងត្រឹមត្រូវ ខណៈចិនកាន់តែបង្កើនការដាក់សម្ពាធផ្នែកយោធា តាមរយៈការធ្វើសមយុទ្ធ និងការបង្កើនសកម្មភាពយោធាក្បែរដែនកោះមួយនេះ។ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះយល់ថា ទាំងសហរដ្ឋអាមេរិក និងចិន គួរតែរក្សាស្ថានភាពដើមរបស់កោះតៃវ៉ាន់ ដ្បិតការធ្វើបែបនេះទៅរួច វានឹងផ្ដល់ប្រយោជន៍ដល់ទាំងសងខាង។
គួរបញ្ជាក់ថា ខណៈត្រូវបានតម្រូវដោយច្បាប់មួយ ឱ្យជួយកោះតៃវ៉ាន់ពង្រឹងសមត្ថភាពការពារខ្លួន សហរដ្ឋអាមេរិកមកទល់នឹងបច្ចុប្បន្ន នៅតែអនុវត្តយុទ្ធសាស្ត្រមិនច្បាស់លាស់ នោះគឺមិនបានបញ្ជាក់ជំហរថា ខ្លួននឹងធ្វើអន្តរាគមន៍យោធាចូលជួយកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារណាមួយពីសំណាក់ចិន ឬក៏យ៉ាងណានោះទេ៕