(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះបានដាក់ឱ្យប្រើប្រាស់នូវ គេហទំព័រទំនាក់ទំនងថ្មីមួយ ដែលអាចឱ្យលោកបង្ហោះសារ និងអាចត្រូវបានចែករំលែកបន្តនៅ Twitter និង Facebook។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

លោក ចេសុន មីល្លឺ (Jason Miller) ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោក ដូណាល់ ត្រាំ ធ្លាប់បានឱ្យដឹងកាលពីខែមីនាកន្លងទៅថា កម្មវិធីបណ្ដាញទំនាក់ទំនងសង្គមថ្មីមួយ នឹងត្រូវដាក់ឱ្យប្រើប្រាស់។ ប៉ុន្តែនៅថ្ងៃអង្គារនេះ លោក Miller បានអះអាងគេហទំព័រថ្មីខាងលើ មិនមែនជាបណ្ដាញទំនាក់ទំនងសង្គមដែលលោក ត្រាំ ធ្លាប់ប្រើនោះទេ ដោយគ្រាន់តែលោកបញ្ជាក់ថា គេហទំព័រទំនាក់ទំនងថ្មីនឹងអាចឱ្យលោក ត្រាំ បង្ហោះសារ ហើយអ្នកប្រើប្រាស់អាចចុចពេញចិត្ត ឬចែករំលែកបន្តទៅកាន់ Twitter និង Facebook។

គួរបញ្ជាក់ថា បើតាមទូរទស្សន៍ Fox News គេហទំព័រថ្មីរបស់លោក ត្រាំ មានឈ្មោះថា From the Desk of Donald J Trump។ គេហទំព័រនេះត្រូវបានដាក់ឱ្យប្រើ តែមួយថ្ងៃប៉ុណ្ណោះមុននឹងក្រុមហ៊ុន Facebook នៅថ្ងៃពុធសប្ដាហ៍នេះនឹងធ្វើការសម្រេចចិត្តមួយថា តើត្រូវអនុញ្ញាតឱ្យលោក ត្រាំ ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម របស់ខ្លួនឡើងវិញ ឬក៏យ៉ាងណា?

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter និង Facebook បានព្យួរគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះសារមួយចំនួន ដែលមានបង្កប់អត្ថន័យញុះញង់ឱ្យក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលវាយប្រហារវិមានសភាអាមេរិក កាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ៕