(មិចស៊ីកូ)៖ ប្រធានាធិបតីមិចស៊ីកូនៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធករណីបាក់ស្ពានអាកាស ដែលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ និងបណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ ព្រមទាំង ៧៩នាក់ទៀតរងរបួស កាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅមិចស៊ីកូ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ការប្រកាសរបស់ប្រធានាធិបតីមិចស៊ីកូលោក អាន់ដ្រែស ម៉ានូអ៊ែល ឡូប៉ែស អូប្រាដ័រ (Andres Manuel Lopez Obrador) ខាងលើនេះ ត្រូវបានធ្វើឡើងខណៈដែលក្រុមសង្គ្រោះ កំពុងតែគាស់កកាយរកអ្នកបាត់ខ្លួន នៅក្នុងគំនរស្ពានដែលបានបាក់ និងស្ទូចយកកម្ទេចកម្ទី ព្រមទាំងកំណាត់ទូររថភ្លើងចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។

ក្រោយហេតុការណ៍កើតឡើង នៅក្នុងទីក្រុងមិចស៊ីកូស៊ីធី (Mexico City) ខាងលើនេះ សំនួរជាច្រើនត្រូវបានចោទទៅលើភាពមិនប្រក្រតី នៃការសាងសង់ស្ពានអាកាស សម្រាប់រថភ្លើង និងអ្នកឆ្លងកាត់រាប់លាននាក់ជារៀងរាល់ថ្ងៃ ដែលជាហេតុជំរុញឲ្យអាជ្ញាធរ ប្តេជ្ញាបើកការស៊ើបអង្កេតតែម្តង។ លោកប្រធានាធិបតីមិចស៊ីកូបានសង្កត់ធ្ងន់ថា «ការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ នឹងត្រូវរៀបចំឡើង.... ដើម្បីឲ្យដឹងការពិត។ យើងមិនអាចធ្វើការសន្មត់លើអ្វីមួយ ទោះជាតិច ឬច្រើនក្តី ដោយគ្មានភស្តុតាងមកបញ្ជាក់នោះឡើយ»

គួរបញ្ជាក់ថា ប្រព័ន្ធផ្លូវរថភ្លើងលើអាកាស ដែលបានបាក់នៅក្នុងទីក្រុងមិចស៊ីកូស៊ីធីនោះ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១២ កាលពីរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នគឺលោក ម៉ាសេឡូ អេប្រាដ (Mercelo Ebrard) នៅជាអភិបាលរដ្ឋធានីមិចស៊ីកូស៊ីធី៕