(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) មានគម្រោងរៀបការអំឡុងរដូវក្ដៅនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ (រដូវក្តៅនៅនូវែលសេឡង់តែងតែចាប់ផ្តើមពីអំឡុងចុងឆ្នាំ និងអូសបន្លាយចាប់ពីពីរទៅបីខែ)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បានប្រាប់វិទ្យុ Coast Radio របស់នូវែលសេឡង់ថា លោកស្រី និងលោក ក្លាក ហ្គេយ៍ហ្វដ (Clarke Gayford) ដែលជាពិធីករទូរទស្សន៍ម្នាក់បានសម្រេច កំណត់ថ្ងៃរៀបការរួចហើយ។ លោកស្រី Ardern មានអាយុ ៤០ឆ្នាំ បានភ្ជាប់ពាក្យជាមួយលោក Gayford មានអាយុ ៤៤ឆ្នាំ អំឡុងពិធីបុណ្យ Easter កាលពីឆ្នាំ២០១៩ ហើយអ្នកទាំង២មានកូនស្រីម្នាក់មានអាយុ ០២ឆ្នាំ។

គួរបញ្ជាក់ថា លោកស្រី Jacinda Ardern បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងរបស់នូវែលសេឡង់ នៅពេលលោកស្រីស្បថចូលកាន់តំណែងនៅឆ្នាំ២០១៧ និងជាស្ត្រីដំបូងគេមា្នក់ដែលកាន់តំណែងនេះ ពេលកំពុងមានផ្ទៃពោះ។ លោកស្រីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាថ្មីកាលពីខែតុលា ឆ្នាំ២០២០ បន្ទាប់ពីគណបក្សរបស់លោកស្រី ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ នូវែលសេឡង់ត្រូវបានគេមើលឃើញថា បានគ្រប់គ្រងការរាតត្បាត COVID-19 បានយ៉ាងល្អ គិតចាប់តាំងពីវីរុសនេះលេចឡើងដំបូងៗ៕