(ប៉េកាំង)៖ កាលពីថ្ងៃទី២ ខែឧសភា ពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានវាយប្រហារប្រទេសចិនថា បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅបរទេស ក្នុងគោលបំណងក្លាយជា «ប្រទេសដែលមានឋានៈដឹកនាំនៅលើពិភពលោក»

ពាក្យសំដីរបស់ប្រមុខការទូតអាមេរិកបែបនេះ គ្រាន់តែចង់គូសបញ្ជាក់ដោយចេតនាអាក្រក់ពីអ្វីដែលហៅថា «ការគំរាមកំហែងរបស់ប្រទេសចិន» ក៏ដូចជាញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងពិភពលោក ព្រមពេលជាមួយគ្នានេះ ទង្វើបែបនេះក៏អាចបំពេញតាមតម្រូវការ នៃនយោបាយបោះឆ្នោតរបស់អាមេរិកផងដែរ។

ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិកមួយចំនួន ប្រទេសដទៃទៀតគាំពារសិទ្ធិអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ខ្លួន គឺធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំង ប៉ុន្តែពួកគេធ្វើ «ការទូតដោយបង្ខិតបង្ខំ» នៅទូទាំងពិភពលោក គឺជារឿងសមហេតុផល។ យ៉ាងណាមិញ អាមេរិកប៉ុនប៉ងយក «ក្បូនច្បាប់អាមេរិក» ជំនួស «ក្បូនច្បាប់អន្តរជាតិ» ហើយធ្វើសកម្មភាពជ្រៀតជ្រែកដោយយក «យុតិ្តធម៌» ធ្វើជាលេស ប្រការទាំងនេះមិនមែនជាការសម្ងាត់ ក្នុងសហគមន៍អន្តរជាតិតាំងពីដំបូងម៉្លេះ។

សូមយកប្រទេសចិនធ្វើជាឧទាហរណ៍ ចាប់ពីយុទ្ធសាស្ត្រស្តពី «ការត្រឡប់ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វីកវិញ» របស់រដ្ឋាភិបាលរបស់លោក អូបាម៉ា ដល់រដ្ឋាភិបាលរបស់លោក ត្រាំ ដែលបានចាត់ទុកប្រទេសចិនជា «គូប្រជែងយុទ្ធសាស្ត្រ» រហូតដល់រដ្ឋាភិបាលរបស់លោកបៃដិន ដែលបានអនុវត្តគោលនយោបាយស្តីពី «ធ្វើការប្រកួតប្រជែង សហការនិងបដិបក្ខគ្នា» ជាមួយប្រទេសចិន អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ ពីគោលបំណងយុទ្ធសាស្ត្ររបស់អាមេរិក ពោលគឺចង់ទប់ស្កាត់ប្រទេសចិន។

ដោយឡែក អង្គការអន្តរជាតិក៏ត្រូវបានបង្ខិតបង្ខំដោយអាមេរិកផងដែរ។ ដោយមកពីរងការរារាំងជាបន្តបន្ទាប់ពីអាមេរិក បានជាស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក បានធ្លាក់ក្នុងភាពជាប់គាំងនៅខែធ្នូ ឆ្នាំ២០១៩ ដោយសារចំនួនចៅក្រមមិនគ្រប់គ្រាន់ ដែលបានវាយប្រហារយ៉ាងខ្លាំងក្លាដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ សូម្បីតែសម្ព័ន្ធមិត្តរបស់អាមេរិក ពេលបានឃើញពាក្យស្លោកដែលថា «អាមេរិកបានត្រឡប់មកវិញ» តាមការពិត អ្វីដែលពួកគេទទួលបានមិនមែនភាពស្មើគ្នានោះទេ តែគឺជាការគំរាមកំហែងនិងការធ្វើបាបគ្រប់បែបយ៉ាង។

អ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់រួចជាស្រេចហើយ តើប្រទេសណាមួយបាននិងកំពុងធ្វើសកម្មភាំពអុងអាត់យ៉ាងខ្លាំង និងប៉ុនប៉ងដឹកនាំពិភពលោក។ ការអភិវឌ្ឍរបស់ប្រទេសចិន គឺដើម្បីធ្វើឱ្យប្រជាជនចិនមានជីវភាពរស់កាន់តែល្អប្រសើរ តែមិនចង់ធ្វើជា «បងធំនៅលើពិភពលោក» នោះទេ ប្រការនេះក៏ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។ អ្នកនយោបាយអាមេរិក ដែលងប់ងល់នឹង «ការទូតដោយបង្ខិតបង្ខំ» តាមពិតទៅបាននិងកំពុងអូសទាញ អាមេរិកឱ្យដើរតាមផ្លូវធ្វើអនុត្តរភាព ហើយមុខជានឹងធ្លាក់ក្នុងភាពអន់ថយជាមិនខាន៕