(បាងកក)៖ រដ្ឋបាលឱសថ និងចំណីអាហាររបស់ថៃ (FDA) បានគូសបញ្ជាក់់ថា គិតត្រឹមពេលនេះប្រទេសថៃ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនបរទេសចំនួន ០៣រួចទៅហើយ ក្នុងនោះមានដូចជា វ៉ាក់សាំងអង់គ្លេស AstraZeneca, វ៉ាក់សាំងចិន Sinovac និងវ៉ាក់សាំំងអាមេរិក Johnson & Johnson។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នាព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១។

បើតាមការបញ្ជាក់ពីមន្ត្រី FDA របស់ថៃ វ៉ាក់សាំងចិន Sinovac គឺត្រូវបាននាំចូលពីប្រទេសចិនដោយក្រុមហ៊ុនរដ្ឋថៃ GPO ខណៈវ៉ាក់សាំង Johnson & Johnson ត្រូវបាននាំចូលតាមរយៈក្រុមហ៊ុន ចេនសិន ស៊ីឡាក (Janssen-Cilag Ltd)។ ដោយឡែកសម្រាប់វ៉ាក់សាំង AstraZeneca គឺត្រូវបាននាំចូល និងសហការផលិតក្នុងស្រុកផ្ទាល់ ដោយក្រុមហ៊ុនថៃ សៃយ៉ាម បាយអូសាយអិន (Siam Bioscience)។

បើតាម FDA ពេលនេះវ៉ាក់សាំងទី ៤ គឺ Moderna របស់សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ និងត្រៀមធ្វើការអនុម័ត ហើយវានឹងត្រូវនាំចូលតាមរយៈក្រុមហ៊ុន ស្វែលលីក ហ្វាម៉ា (Zuellig Pharma) ដែលបានដាក់ពាក្យសុំការអនុញ្ញាត ពីរដ្ឋាភិបាលរួចរាល់ហើយ។
ដោយឡែកវ៉ាក់សាំងបង្ការ COVID-19 អភិវឌ្ឍឡើងដោយឥណ្ឌា COVAXIN និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ក៏កំពុងស្ថិតក្នុងការត្រៀមអនុម័តផងដែរ ដោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ យ៉ាងហោចណាស់នៅក្នុងរយៈពេល ៣០ថ្ងៃទៀត។ FDA បានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃនឹងព្យាយាមត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពវ៉ាក់សាំងទាំងនេះ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅរួច ដោយយោងទៅតាមស្តង់ដារអន្តរជាតិ នៃការអនុម័តវ៉ាក់សាំង៕