(វ៉ាស៊ីនតោន)៖ រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកថា នឹងអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំនៅសប្តាហ៍ក្រោយនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២១។

ការអនុម័តនេះត្រូវបានគេមើលឃើញថា គឺជាបោះជំហានដ៏លឿនមួយ ដើម្បីឲ្យបណ្តារដ្ឋនានាទូទាំងសហរដ្ឋអាមេរិក អាចបើកសាលារៀនឡើងវិញបាន នៅឆ្នាំ២០២២។ បច្ចុប្បន្នវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ដែលបានសហការគ្នាក្នុងការអភិវឌ្ឍ បាននិងកំពុងប្រើប្រាស់តែទៅលើ មនុស្សមានវ័យចាប់ពី ១៦ឆ្នាំឡើងទៅប៉ុណ្ណោះ។ ប៉ុន្តែការកសាងភាពសុំាជាសហគមន៍ គឺនឹងតម្រូវឲ្យមានវ៉ាក់់សាំងសម្រាប់ចាក់ ដល់មនុស្សគ្រប់វ័យ ក្នុងនោះគិតចាប់តាំងពីទារកឡើងវិញទៅ។

ព័ត៌មានអំពីការត្រៀមអនុម័តរបស់ FDA ខាងលើនេះ ត្រូវបានបង្ហើបចេញដោយ មន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ។ ការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុ ១២-១៥ឆ្នាំ អាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ហើយការអនុម័តឲ្យប្រើបន្ថែមទៀត ទៅលើមនុស្សមានវ័យក្មេងជាងនេះ អាចនឹងត្រូវការពេលប៉ុន្មានខែទៀត។

គួរបញ្ជាក់ថា កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19៕