(ប៊ែរឡាំង)៖ ក្រុមរដ្ឋអាជ្ញានៅប្រទេសអាល្លឺម៉ង់ នាថ្ងៃចន្ទនេះបានប្រកាសថា ពួកគេបានបង្រ្កាបវែបសាយអាសអាភាសកុមារដ៏ធំបំផុតមួយ ដែលត្រូវបានប្រើប្រាស់ដោយគណនីជាសមាជិកច្រើនជាង ៤០០,០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

ក្រុមរដ្ឋអាជ្ញាអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ថា ដោយរួមសហការជាមួយ ប៉ូលិសស៉ើបអង្កេតអាល្លឺម៉ង់ ជនសង្ស័យ០៣នាក់ ដែលត្រូវគេជឿថាជាអ្នកគ្រប់គ្រងវែបសាយខាងលើ រួមនិងអ្នកប្រើប្រាស់ម្នាក់ ដែលសុទ្ធតែជាជនជាតិអាល្លឺម៉ង់ទាំងអស់ ត្រូវបានចាប់ខ្លួន កាលពីពាក់កណ្តាលខែមេសា កន្លងទៅនេះ។

អាជ្ញាធរអាល្លឺម៉ង់បានឲ្យដឹងថា វែបសាយនោះបានលួចដំណើរការយ៉ាងហោច ចាប់តាំងពីឆ្នាំ២០១៩មក ហើយពួកជនដែលចូលចិត្តបំពានផ្លូវភេទលើកុមារ បានប្រើប្រាស់វា ដើម្បីដោះដូរនិងមើលរូបភាព-ឃ្លីបអាសអាភាសរបស់កុមារ ដែលភាគច្រើនជាងក្មេងប្រុស និងមកពីគ្រប់ទិសទីជុំវិញពិភពលោក។

គួរបញ្ជាក់ថា ប៉ូលិសអាល្លឺម៉ង់បានស៉ើបអង្កេតលើវែបសាយខាងលើ រួមជាមួយក្រុមអ្នកគ្រប់គ្រង និងអ្នកប្រើប្រាស់របស់វា អស់រយៈពេលរាប់ខែ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នប៉ូលិសអឺរ៉ុប និងអាជ្ញាធរមកពីនេដឺលែន ស៊ុយអែត អូស្រ្តាលី សហរដ្ឋអាមេរិក និងកាណាដា៕