(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ចិនបានបាញ់បង្ហោះដោយជោគជ័យនូវបន្ទប់ស្នូលឈ្មោះ Tianhe នៃស្ថានីយអវកាស ឱ្យចូលក្នុងគន្លងតារាវិថីតាមការកំណត់ តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March-5B Y2។ នេះជាសញ្ញាកត់សម្គាល់ថា កិច្ចកសាងស្ថានីយអវកាសចិនតាមគន្លងតារាវិថី បានចាប់ផ្តើមធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។
ការបាញ់បង្ហោះដោយជោគជ័យនូវបន្ទប់ស្នូលឈ្មោះ Tianhe លើកនេះមានសារសំខាន់ពិសេស។ កាលពីឆ្នាំ១៩៩២ កិច្ចការអវកាសផ្ទុកមនុស្សរបស់ចិន បានកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយចែកជាបីជំហាន ពោលគឺបញ្ជូនមនុស្សទៅដល់អវកាស និងត្រឡប់មកវិញដោយមានសុវត្ថិភាព ហើយទទួលបានការវាយទម្លុះក្នុងបច្ចេកទេសគន្លឹះមួយចំនួន នៃការកសាងស្ថានីយអវកាស ដើម្បីបង្កើតស្ថានីយអវកាសដ៏ពិតប្រាកដ និងដោះស្រាយបញ្ហាប្រើប្រាស់អវកាស ដែលមានទ្រង់ទ្រាយធំបង្គួរ និងមានមនុស្សថែរក្សាក្នុងរយៈពេលយូរ ។
ការបាញ់បង្ហោះបន្ទប់ស្នូលឈ្មោះ Tianhe ដោយជោគជ័យគឺជាចំណុចគន្លឹះក្នុងជំហានទីបី ។
សមិទ្ធផលនេះគឺបានមកដោយមិនងាយនោះទេ ។ កាលពីមុន ចិនត្រូវបានច្រានចោលពី «ក្លឹប» ស្ថានីយអវកាសអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ អ្នកនយោបាយប្រទេសប៉ែកខាងលិច ដែលមើលស្រាលការអភិវឌ្ឍរបស់ចិន បានចាត់ទុកលំហអវកាសជា សមរភូមិសំខាន់នៃការប្រកួតប្រជែងសព្វាវុធនិងសង្គ្រាម នៅពេលអនាគត ហើយប្រុងប្រយ័ត្ននិងទប់ស្កាត់ប្រទេសចិនយ៉ាងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាអវកាស។
ប៉ុន្តែប្រឈមមុខនឹងការរារាំង កិច្ចការអវកាសរបស់ចិនមិនដែលជាប់គាំងនោះទេ ផ្ទុយទៅវិញបានទទួលសមិទ្ធផល ដែលគួរឱ្យកត់សម្គាល់មួយចំនួនដូចជា ការស្ទង់រុករកភពព្រះចន្ទ ការស្ទង់រុករកភពព្រះអង្គារ ការផ្គុំជាបណ្តាញផ្កាយរណប BeiDou ព្រមទាំងការបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូន LongMarch ដោយជោគជ័យជាដើមតាមរយៈការច្នៃប្រឌិតថ្មីដោយម្ចាស់ការ។ លើកនេះ ចិនបានបោះជំហានដ៏សំខាន់មួយ ក្នុងកិច្ចកសាងស្ថានីយអវកាសអចិន្រ្តៃយ៍ ហើយក៏មានសារសំខាន់ចំពោះពិភពលោកផងដែរ ។
ដោយសារស្ថានីយអវកាសអន្តរជាតិ ដែលបានដំណើរការអស់រយៈពេលរាប់សិបឆ្នាំ មានលទ្ធភាពចូលនិវត្តន៍ ក្នុងចន្លោះឆ្នាំ២០២៤ទៅ២០២៨ ពេលនោះ ស្ថានីយអវកាសចិនប្រហែលនឹងក្លាយជា ស្ថានីយអវកាសតែមួយគត់របស់មនុស្សជាតិ។
មិនដូចប្រទេសប៉ែកខាងលិចមួយចំនួនដែលរៀបចំ «រង្វង់តូចចង្អៀត» បែបបិទទ្វារ ចិនប្រកាន់ខ្ជាប់គោលការណ៍ ស្តីពីការប្រើប្រាស់ដោយសន្តិភាព មានសមភាពនិងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក និងអភិវឌ្ឍជាមួយគ្នាជាប់រហូតមក។
នៅពេលអនាគត ទូទាំងពិភពលោកនឹងមានវេទិកាសហប្រតិបត្តិការផ្នែកអវកាសអន្តរជាតិថ្មី ដែលមានភាពបើកទូលាយ និងពោរពេញទៅដោយកម្លាំងរស់រវើក។ វានឹងក្លាយជា «មហាគ្រួសាររួមក្នុងអវកាស» របស់មនុស្សជាតិដ៏ពិតប្រាកដ៕