(ម៉ូស្គូ)៖ រុស្ស៊ីបានបោះដៃទៅរកក្រុមហ៊ុនចិនជាច្រើន ដើម្បីស្វែងរកកិច្ចសហការផលិតវ៉ាក់សាំង COVID-19 Sputnik V ខណៈទីក្រុងម៉ូស្គូកំពុងបង្កើនល្បឿនផលិតវ៉ាក់សាំងមួយនេះ ឆ្លើយតបទៅនឹងកំណើននៃតម្រូវការ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
កាលពីប៉ុន្មានសប្ដាហ៍នេះ រុស្ស៊ីបានប្រកាសពីកិច្ចព្រមព្រៀងចំនួន ០៣ ក្នុងការគោលដៅផលិតវ៉ាក់សាំងសរុបជាង ២៦០លានដូសជាមួយ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិនមួយចំនួន។ ការសម្រេចសហការជាមួយចិននេះ បានកើតមានឡើងចំពេលបណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីន, មជ្ឈិមបូព៌ា និងអាហ្វ្រិក កំពុងបង្កើនការបញ្ជាទិញវ៉ាក់សាំងពីរុស្ស៊ី ស្របពេលសហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងផ្ដោតជាអាទិភាព ចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន។
បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) តម្រូវការ និងការបញ្ជាទិញវ៉ាក់សាំង Sputnik V មានការកើនឡើងខ្ពស់រហូតដល់លើសពី សមត្ថភាពផលិតវ៉ាក់សាំងនៅក្នុងស្រុករបស់រុស្ស៊ី។ ម្យ៉ាងវិញទៀត ដើម្បីបង្កើនការផលិតវ៉ាក់សាំង រុស្ស៊ីក៏បានចុះកិច្ចព្រមព្រៀង ជាមួយបណ្ដាប្រទេសដទៃទៀតដែរ ក្នុងនោះមានដូចជាឥណ្ឌា, កូរ៉េខាងត្បូង, ប្រេស៊ីល, ស៊ែរប៊ី, តួកគី និងអ៉ីតាលីជាដើម៕