(ប៉េកាំង)៖ គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 ប្រមាណ ២៧៥.៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ខណៈអាជ្ញាធរកំពុងជំរុញល្បឿន ឲ្យបានកាន់តែប្រសើរជាងនេះទៀត។ នេះបើតាមចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលសុខាភិបាលជាតិចិន (NHC)។
កាលពីចុងសប្តាហ៍មុននេះចិនបានប្រកាសថា ខ្លួនបានក្លាយជាប្រទេស ដែលចាក់វ៉ាក់សាំង COVID-19 បានច្រើនដូសបំផុតនៅលើពិភពលោក ប៉ុន្តែបើធៀបនឹងចំនួនប្រជាជន សរុបដ៏ច្រើនលើសលុបរបស់ខ្លួនវិញនោះ ចិនចាំបាច់ត្រូវបង្កើនល្បឿនថែមទៀត បើចង់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំងឲ្យបាន ៤០ភាគរយនៃចំនួនប្រជាជនសរុប នៅមុនដំណាច់ខែមិថុនាខាងមុខ។
គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ សន្ទុះនៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិន បានកើនដល់កម្រិត ៤.៤លានដូសក្នុងមួយថ្ងៃបើគិតជាភាគរយមធ្យម ប៉ុន្តែសន្ទុះនេះចាំបាច់ត្រូវតែបង្កើនល្បឿនថែមទៀត គឺធ្វើយ៉ាងណាឲ្យដល់យ៉ាងហោច ៥០លានដូសក្នុងមួយថ្ងៃ។
មកទល់ឥឡូវ ចិនបានអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ចំនួន ០៥ ដែលសុទ្ធសឹងតែជាផលិតផលនៅក្នុងស្រុកផ្ទាល់។ កាលពីពេលថ្មីៗនេះ ចិនក៏បានសម្រួលឲ្យមាន ការនាំចូលវ៉ាក់សាំងពីបរទេសជាលើកដំបូងផងដែរ ក្នុងពេលឆាប់ៗខាងមុខ ដែលអាចជាវ៉ាក់សាំងបង្ការ COVID-19 របស់អាល្លឺម៉ង់ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនចិននៅសៀងហៃ៕