(តៃប៉ិ)៖ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់ លោក ចិន ស្ស៉ីជុង (Chen Shih-chung) បានឲ្យដឹងថា ចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ កោះតៃវ៉ាន់នឹងផ្អាកមិនឲ្យអ្នកដំណើរមកពីឥណ្ឌា ចូលក្នុងដែនដីខ្លួនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
លោក ចិន បានប្រកាសនៅថ្ងៃចន្ទនេះថា លើកលែងតែពលរដ្ឋតៃវ៉ាន់ផ្ទាល់ រាល់អ្នកដំណើរទាំងអស់ ដែលធ្លាប់ទៅឥណ្ឌាក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ នឹងមិនអនុញ្ញាតឲ្យចូលកោះតៃវ៉ាន់នោះទេ ដោយបម្រាមនេះនឹងចូលជាធរមានចាប់ពីម៉ោងសូន្យ រំលងអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ។
គួរបញ្ជាក់ថា ទោះជាយ៉ាងណា ពលរដ្ឋតៃវ៉ាន់ដែលទទួលបានការលើកលែងនោះ នឹងត្រូវចំណាយពេល១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័ក នៅតាមមជ្ឈមណ្ឌលដែលរៀបចំដោយរដ្ឋាភិបាល។ ជាមួយគ្នានេះ រដ្ឋាភិបាលតៃវ៉ាន់ ក៏កំពុងពិចារណាបញ្ជូនយន្តហោះ ឲ្យទៅជម្លៀសធុរជនតៃវ៉ាន់ប្រមាណ១៥០នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌាផងដែរ៕