(ញូដេលី)៖ ស្ថាប័នឧស្សាហកម្មឈានមុខមួយក្នុងប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យម្សិលមិញនេះបានជំរុញឱ្យអាជ្ញាធរចាត់វិធានការ «ថ្នាក់ជាតិដ៏ខ្លាំងក្លាបំផុត» និងកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច ដើម្បីជួយសង្គ្រោះជីវិតប្រជាជន ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
អត្រានៃករណីឆ្លងជំងឺ COVID-19 ថ្មីៗហាក់ដូចជាធ្លាក់បន្តិច ប៉ុន្តែករណីស្លាប់ថ្មីៗនៅតែបន្តកើនឡើង។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗចំនួន ៣៩២,៤៨៨ករណីបន្ថែមទៀត ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ជាង ១៩.៥៦លានករណី ខណៈចំនួនអ្នកស្លាប់ថ្មីៗចំនួន ៣,៦៨៩នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ២១៥,៥៤២នាក់។
លោក Uday Kotak នាយកគ្រប់គ្រងធនាគារ Kotak Mahindra បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយក្នុងនាមជាប្រធានសហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) ថា «វិធានការឆ្លើយតបជាអតិបរមានៅកម្រិតខ្ពស់បំផុត ត្រូវបានអំពាវនាវឱ្យដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺ COVID-19 ព្រោះការកសាងហេដ្ឋារចនាសម្ព័ន្ធសុខភាព នឹងត្រូវការពេលវេលា»។
លោក Uday Kotak បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលថា «នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ខណៈដែលចំនួនអ្នកស្លាប់កំពុងកើនឡើងយ៉ាងខ្លាំង CII ជំរុញឱ្យមានវិធានការថ្នាក់ជាតិដ៏ខ្លាំងក្លាបំផុត រួមមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយការទទួលរងនូវទុក្ខវេទនាដោយសារ ជំងឺរាតត្បាតដ៏កាចសាហាវនេះ»។
គួរបញ្ជាក់ថា ដោយមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) មានការស្ទាក់ស្ទើរ ក្នុងការដាក់ចេញនូវវិធានការបិទប្រទេសទាំងស្រុង។ ប៉ុន្តែយ៉ាងហោចណាស់រដ្ឋចំនួន១១ និងទឹកដីរបស់សហព័ន្ធឥណ្ឌាបានដាក់ចេញនូវទម្រង់នៃការរឹតត្បិត មួយចំនួនហើយ៕