(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ នេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ចំនួន ៣១នាក់បានបាត់បង់ជីវិត និងមនុស្ស ២,០៤១នាក់ទៀតឆ្លងជំងឺនេះ នៅក្នុងកំឡុងពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយបូកបញ្ចូលតួលេខថ្មីៗខាងលើ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៧១,០២៥ករណី និងអ្នកស្លាប់សរុបកើនឡើងដល់ ២៧៦នាក់ គិតចាប់តាំងពីមានការផ្ទុះឡើង នូវការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមឆ្នាំ២០២០។ ដោយឡែកអ្នកជំងឺជិត ៣០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាលនៅឡើយ ដែលកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរឡើងៗ ទៅលើវិស័យសុខាភិបាលទូទាំងប្រទេស។
គួរបញ្ជាក់ថា ការផ្ទុះរលកថ្មីនៃជំងឺ COVID-19 មួយរយៈចុងក្រោយនេះនៅក្នុងប្រទេសថៃ ដោយរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមពីអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងថ្មីៗចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ តែនៅក្នុងខែមេសាមួយប៉ុណ្ណោះ៕