(ប៊ុយណូសអ៊ែរែស)៖ ករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសអាហ្សង់ទីន បានកើនឡើងដល់លើស ៣លាននាក់ទៅហើយ គិតត្រឹមថ្ងៃអាទិត្យ ទី០២ ខែឧសភា (ពេលវេលានៅអាមេរិកខាងត្បូង) ខណៈបុគ្គលិកផ្នែកសុខាភិបាលទូទាំងប្រទេស កំពុងប្រឈមមុខស្ថានការណ៍កាន់តែលំបាកវេទនា ព្រោះមន្ទីរពេទ្យនានាកំពុងពេញហៀរដោយអ្នកជំងឺ។ នេះបើតាមកការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។
ប្រទេសអាហ្សង់ទីនដែលមានប្រជាជនសរុបជាង ៤៥លាននាក់ បានមើលឃើញចំនួនអ្នកឆ្លង COVID-19 រហូតដល់ជាង ១១,០០០នាក់ឯណោះកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ជាង ៣,០០៥,០០០ករណី (ជាប់លេខ ១១លើពិភពលោក) ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៦៤,២៥២នាក់ (អត្រាស្លាប់ជាមធ្យម ១៥០នាក់ក្នុងមួយថ្ងៃ) និងអ្នកជំងឺ ២.៦៧លាននាក់ បានជាសះស្បើយឡើងវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺ COVID-19 កំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យទូទាំងប្រទេសគឺជាង ២៦៤,០០០នាក់។ ការឆ្លងរាតត្បាតកើនឡើងកាលពីចុងសប្តាហ៍មុននេះ នាំឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធីបតី អាល់ប៊ឺតូ ហ្វឺណាន់ដែស រៀបចំដាក់វិធានការរឹតបន្តឹងកម្រិតធ្ងន់ថ្មីមួយទៀត ដើម្បីទប់ទល់រលកទី ២ ដែលកំពុងបោកបក់ និងកំពុងបោះជំហានទៅដោះស្រាយ ការកកស្ទះក្នុងមន្ទីរពេទ្យ និងការខ្វះបុគ្គលិកសុខាភិបាលបម្រើការងារ៕