(គូឡាឡាំពួរ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Adham Baba បាននិយាយថា ប៉ុន្មានថ្ងៃបន្ទាប់ពីការហាមឃាត់ការហោះហើរពីប្រទេសឥណ្ឌាត្រូវបានដាក់ចេញ ប្រទេសម៉ាឡេស៊ីបានរកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួនថ្មីដែលមានប្រភពពីប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
លោក Baba គូសបញ្ជាក់ថា វីរុសដែលមានឈ្មោះថា B.1.617 ត្រូវបានគេរកឃើញនៅលើជនជាតិឥណ្ឌាម្នាក់នៅឯព្រលានយន្តហោះអន្តរជាតិគូឡាឡាំពួរ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា រកឃើញនៅពេលណានោះទេ។
ប្រទេសម៉ាឡេស៊ីដែលកំពុងប្រឈមមុខនឹងការកើនឡើង នៃករណីឆ្លងកូវីដ-១៩ កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចហាមឃាត់រាល់ជើងហោះហើរទៅ និងមកពីប្រទេសឥណ្ឌា និងបានហាមឃាត់រាល់អ្នកដំណើរដែលមកពីឥណ្ឌាមិនឱ្យចូលប្រទេសប្រទេសរបស់ខ្លួន ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មី ដែលកំពុងវាយលុកប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣,៤១៨នាក់នៅថ្ងៃអាទិត្យនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៤១៥,០១២ករណីក្នុងនោះស្លាប់ជាង ១,៥០០ នាក់៕