(យេរូសាឡិម)៖ ទង់ជាតិត្រូវបានបង្ហូតចុះមកនៅពាក់កណ្ដាលនៅថ្ងៃអាទិត្យនេះ នៅពេលដែលប្រទេសអ៊ីស្រាអែលបានប្រារព្ធពិធីជាតិ នៃការកាន់ទុក្ខសម្រាប់បុរស និងក្មេងប្រុសចំនួន ៤៥នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ឆោឡោរត់ជាន់គ្នានៅឯពិធីសាសនាមួយរបស់ជនជាតិជ្វីហ្វកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នាដ៏រន្ធត់នេះ បានកើតឡើងក្នុងអំឡុងពេល នៃការប្រារព្វពិធីបុណ្យសាសនារបស់ជនជាតិជ្វីហ្វ នៅលើភ្នំ Mount Meron ដែលជាការជួបជុំដ៏ធំលើកដំបូងនិងស្របច្បាប់ ចាប់តាំងពីប្រទេសនេះបានដកការរឹតត្បិតទាំងអស់ ដែលទាក់ទងទៅនឹងជំងឺរាតត្បាត COVID-19។
ហេតុការណ៍នេះ ត្រូវបានគេពិពណ៌នាថា ជាគ្រោះមហន្តរាយនៅសម័យសន្តិភាពដ៏អាក្រក់បំផុតមួយ ចាប់តាំងពីការបង្កើតរបស់ប្រទេសនេះក្នុងឆ្នាំ ១៩៤៨ ។
ជនជាតិជីហ្វតែងតែបារព្ធពិធីបុណ្យសាសនានេះជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំនេះ មានអ្នកចូលរួមច្រើនលើសធម្មតា។ បើតាមកាសែតក្នុងស្រុកបានឲ្យដឹងថា មានមនុស្សចូលរួមប្រមាណជាង ១០មុឺននាក់៕