(រ៉ង់ហ្គូន)៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យនេះបានចុះដើរដង្ហែក្បួន ដោយអំពាវនាវឱ្យមានបដិវត្តនិទាឃរដូវមួយ ខណៈប្រទេសអាស៊ានមួយនេះស្ថិតក្នុងខែទី៤ ក្រោមរបបយោធា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
ការធ្វើបាតុកម្មបានចាប់ផ្តើមនៅចំកណ្តាលទីក្រុងពាណិជ្ជកម្មរ៉ង់ហ្គូន នៅពេលដែលក្រុមសកម្មជនបានអំពាវនាវឱ្យបង្ហាញកម្លាំង និងធ្វើបដិវត្តនិទាឃរដូវ។
យុវជនបានប្រមូលផ្តុំគ្នានៅផ្លូវកាច់ជ្រុងមួយ មុនពេលហែក្បួនតាមដងផ្លូវក្នុងហ្វូងមនុស្សយ៉ាងច្រើនកកកុញបានចាប់ផ្តើមយ៉ាងលឿន ហើយបែកខ្ចាត់ខ្ចាយភ្លាមៗដើម្បីចៀសវាងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ។
ក្រុមបាតុករបានស្រែកព្រងៗគ្នា ជាមួយនឹងការលើកម្រាមដៃបីដែលជានិមិត្តសញ្ញាបញ្ជាក់ពីការតស៊ូថា «លទ្ធិប្រជាធិបតេយ្យគឺជាដំណើររបស់យើង...ទម្លាក់របបផ្តាច់ការយោធាគឺជាដំណើររបស់យើង»។
គួរបញ្ជាក់ថា ទីក្រុងធំៗ ទីជនបទ តំបន់ដាច់ស្រយាល និងសូម្បីតែតំបន់ព្រំដែនដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏កំពុងស្ថិតក្នុងភាពច្របូកច្របល់ផងដែរ ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ។
បើយោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថា រហូតមកទល់ពេលនេះមានមនុស្ស ៧៥៩នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការបះទង្គិចជាមួយកងកម្លាំងយោធារបស់រដ្ឋាភិបាល៕