(ប៉េកាំង)៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភាបានចូលមកដល់ហើយ ឥឡូវនេះប្រជាពលរដ្ឋចិនកំពុងឆ្លងថ្ងៃវិស្សមកាលរយៈពេល ៥ថ្ងៃ។ បើនិយាយចំពោះ ជនជាតិចិន ទិវាពលកម្មអន្តរជាតិគឺជាថ្ងៃបុណ្យដ៏សំខាន់មួយ ចំណែកការឈប់សម្រាកតាមច្បាប់ទៀតសោត ក៏បានបង្ហាញពីការគោរពចំពោះពលករផងដែរ។ តាមទម្លាប់ មុនទិវាពលកម្មអន្តរជាតិជារៀងរាល់ឆ្នាំ ប្រទេសចិនសុទ្ធតែនឹងចែកប័ណ្ណសរសើរដល់បុគ្គលនិងក្រុមការងារឆ្នើមរាប់ពាន់នាក់ និងក្រុមនៅទូទាំងប្រទេសចិន ឆ្នាំនេះបានចែកប័ណ្ណសរសើរំនួន ២៩០០ ឆ្នាំទៅគឺ ១៦០០។
មិនត្រឹមតែប៉ុណ្ណឹងទេ រដ្ឋាភិបាលចិនបានបើកធ្វើមហាសន្និបាតចែកប័ណ្ណសរសើរថ្នាក់កំពូលជារៀងរាល់ ៥ឆ្នាំម្តង ក្រោមអធិបតីភាពរបស់មេដឹកនាំកំពូលចិន ដើម្បីសម្តែងគារវកិច្ចចំពោះពលករដែលមកពីគ្រប់តំបន់គ្រប់មុខរបរទូទាំងប្រទេសចិន។ តើអ្នកណាខ្លះនឹងទទួលបានកិត្តិយសបែបហ្នឹង? អ្នកប្រកបការងារ ក្នុងគ្រប់វិស័យ មិនបែងចែកមុខរបរថ្នាក់ខ្ពស់ឬទាបនោះទេ សុទ្ធតែអាចត្រូវជ្រើសរើស។ មេដឹកនាំចិនលោកស៊ីជីនភីងធ្លាប់ថ្លែងថា ការធ្វើពលកម្មមិនបែកចែកថ្នាក់ខ្ពស់ ឬទាបនោះទេ មុខរបរណាមួយក៏សុទ្ធតែមានកិត្តិយសដែរ។
មហាជនទាំងអស់ត្រូវបំពេញពលកម្មដោយភាពឧស្សាហ៍ព្យាយាមនៅកន្លែងការងារផ្ទាល់ខ្លួន មិនថាធ្វើការងារអ្វី សុទ្ធតែត្រូវស្រឡាញ់ការងាររបស់ខ្លួន។ ដូចជានៅរោងជាង ត្រូវពង្រីក «ស្មារតីជាងឆ្នើម» ដើម្បីផលិតផលិតផលមានគុណភាពល្អ។ នៅស្រែចម្កា ត្រូវដាំដំណាំនិងភ្ជួររាស់យ៉ាងម៉ត់ចត់ដើម្បីប្រមូល បានទិន្នផលច្រើន។ នៅហាងលក់ទំនិញ ត្រូវទទួលភ្ញៀវដោយស្នាមញញឹមដើម្បីផ្តល់សេវាមានគុណភាពល្អ។ ល។ ឱ្យតែធ្វើការងារដោយភាពឧស្សាហ៍ព្យាយាម ទោះនៅកន្លែងការងារធម្មតាក៏អាចទទួលបានស្នាដៃល្អដែរ។
ទទួលបានស្នាដៃនៅកន្លែងការងារធម្មតា វាមិនមែនជារឿងងាយទេ។ ឧទាហរណ៍ដូចជាលោក Sun Zezhou ប្រធានអ្នករចនានៃយានរុករកភពព្រះអង្គារ និងយានរុករកឆាងអឺ-៤ លោកត្រូវបានជ្រើសរើសជាគំរូពលករទូទាំងប្រទេសចិននាឆ្នាំ២០២០។ លោក និងសហការីធ្លាប់ទទួលបានរង្វាន់អវកាសពិភពលោក ដែលជារង្វន់កំពូលប្រចាំឆ្នាំ២០២០ដែលផ្តល់ដោយសមាគមអវកាសអន្តរជាតិ។
នេះក៏ជាលើកដំបូងដែលអង្គការអន្តរជាតិនេះផ្តល់រង្វាន់ប្រភេទនេះដល់អ្នកវិទ្យាសាស្ត្រអវកាសចិន។ ខាងក្រោមនេះយើងខ្ញុំសូមឧទេ្ទសនាមអំពីគំរូពលករមួយរូបទៀត គឺលោក Xiong Guilin។ លោកជាអ្នកដឹកជញ្ជូនផ្នែកប្រៃសណីយ៍ដ៏ធម្មតាម្នាក់ លោកបម្រើការនៅតំបន់ជនបទដាច់ស្រយាលបំផុតនៃក្រុងវូហាន។ បន្ទាប់ពីផ្ទុះវិបត្តិជំងឺកូវីដ១៩ លោកបានប្រមូលទិញសម្ភារៈបង្ការជំងឺឆ្លងតាមគ្រប់មធ្យោបាយ ដូចជាម៉ាសនិងអាល់កុលជាដើម ហើយដឹកយកទៅជូនគ្រួសារកសិករនានា។
មិនថាជាអ្នករចនាយានអវកាស ឬមួយក៏អ្នកដឹកជញ្ជូនផ្នែកប្រៃសណីយ៍ ឱ្យតែបានរួមចំណែកគួរឱ្យកត់សម្គាល់ សុទ្ធតែអាចត្រូវជ្រើសរើសជាគំរូពលករ និងគំរូរបស់ប្រជាជន។ ពលកម្មជាតម្រូវការចម្បងនៃការរស់នៅរបស់មនុស្សជាតិ ការគោរពពលកម្មជាវប្បធម៌ប្រពៃណីនៅប្រទេសចិនដែលបានជ្រាបទៅក្នុង សរឈាមរបស់ជនជាតិចិន។ កាលពី ២៧០០ ឆ្នាំមុន ប្រទេសចិនបានកត់ត្រាពីរឿងរ៉ាវពលកម្ម ដែលមានប្រយោគថាជីវភាពរស់នៅរបស់ប្រជាជនផ្អែកលើ ភាពឧស្សាហ៍ព្យាយាមឱ្យតែឧស្សាហ៍ព្យាយាមនឹងមិនខ្វះខាតសម្ភារៈនោះទេ។
ពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតចែកប័ណ្ណសរសើរទិវាពលកម្មអន្តរជាតិ១ ឧសភាឆ្នាំ២០១៥ លោកស៊ីជីនភីងប្រធានរដ្ឋចិនធ្លាប់ដកស្រង់ប្រយោគមួយនេះ។
ពលកម្មជាសកម្មភាពមូលដ្ឋានរបស់មនុស្សជាតិ ការលើកឡើងថាការធ្វើពលកម្មមានកិត្តិយស ពលកម្មបង្កើតភាពអស្ចារ្យគឺជាការអធិប្បាយយ៉ាងសំខាន់ ចំពោះក្រឹត្យក្រមនៃវឌ្ឍភាពខាងអរិយធម៌មនុស្សជាតិ។ ជីវភាពរស់នៅរបស់ប្រជាជនផ្អែកលើភាពឧស្សាហ៍ព្យាយាមឱ្យតែឧស្សាហ៍ព្យាយាមនឹងមិនខ្វះខាត សម្ភារៈនោះទេ។ ប្រជាជាតិចិនជាជនជាតិដែលឧស្សាហ៍ធ្វើការងារ និងពូកែច្នៃប្រឌិតថ្មី។ ព្រោះតែពលកម្មនិងការបង្កើតថ្មី ទើបយើងមានភាពរុងរឿងដូចបច្ចុប្បន្ន ព្រោះតែពលកម្មនិងការបង្កើតថ្មី ទើបយើងមានសមិទ្ធផលដូចបច្ចុប្បន្ន។
ប្រយោគបុរាណចិនតំណាងនូវតម្រិះប្រាជ្ញារបស់ប្រជាជនចិន វាងាយយល់ផងប្រកបដោយអត្ថន័យជ្រាលជ្រៅផង ដែលសក្តិសមសម្រាប់អប់រំក្មេងជំនាន់ក្រោយ ព្រមនិងបន្តពីមួយជំនាន់ទៅមួយជំនាន់។ និយាយដល់ជំនាន់យុវជន ថ្ងៃទី៤ ខែឧសភាជាទិវាយុវជនរបស់ប្រទេសចិន។ និយាយចំពោះយុវជនទស្សនៈស្តីពី ការធ្វើពលកម្មមានកិត្តិយសបំផុត សុភមង្គលបានមកពីការតស៊ូប្រឹងប្រែង គឺប្រកបដោយអត្ថន័យអប់រំដ៏សំខាន់ខ្លាំងណាស់។ មេដឹកនាំចិនលោក ស៊ី ជីនភីង ធ្លាប់ផ្តល់អនុសាសន៍ដល់យុវជនចិនថា ការតស៊ូប្រឹងប្រែងជាភាពប្រសើរបំផុតនៃយុវវ័យ។ លោកលើកឡើងថាការតស៊ូប្រឹងប្រែងមិនត្រឹមតែជាពាក្យស្លោកប៉ុណ្ណោះទេ តែគឺត្រូវធ្វើការងារតូចៗនីមួយៗ សម្រេចភារកិច្ចនីមួយៗ និងអនុវត្តមុខងារនីមួយៗឱ្យបានល្អប្រសើរ។ ក្នុងការតស៊ូប្រឹងប្រែងនឹងមិនមានភាពរលូនទេតែងជួបប្រទះ នឹងការលំបាកលំបិនគ្រប់បែបយ៉ាង។ អ្នកខ្លាំង តែងប្រឹងប្រែងធ្វើពីបរាជ័យទៅ មិនដែលបាក់ទឹកចិត្តនោះទេ។
ក្នុងទសវត្សរ៍ឆ្នាំ ៦០ និង ៧០ នៃសតវត្សរ៍មុន ប្រទេសចិនផ្តួចផ្តើមឱ្យយុវជនទីក្រុងទៅរស់នៅនិងបម្រើការនៅជនបទដើម្បីលត់ដំឆន្ទៈរបស់ពួកគេក្នុងការស្ថាបនា ប្រទេសជាតិ។ កាលពីឆ្នាំ១៩៦៩ ក្នុងវ័យ ១៦ឆ្នាំ លោកស៊ីជីនភីងបានចាកចេញពីក្រុងប៉េកាំងទៅរស់នៅជនបទនៃខេត្តស្រាន់ស៊ីភាគខាងលិចប្រទេសចិន ក្នុងរយៈពេល ៧ឆ្នាំ លោកបានធ្វើស្រែចម្កា ដឹកធ្យូងថ្ម ធ្វើទំនប់ និងរែកលាមក រស់នៅហូបចុក និងធ្វើការងារជាមួយអ្នកស្រុកនៅទីនោះ។ លោកពិតជាមគ្គុទ្ទេសក៍ដែលកើតចេញពីប្រជាជន។
ការតស៊ូប្រឹងប្រែងបង្កើតប្រវត្តិសាស្ត្រ ការបំពេញការងារជាក់ស្តែងងបង្កើតអនាគត។ ក្នុងឱកាសទិវាពលកម្មអន្តរជាតិសូមសម្តែងការកោតសរសើរចំពោះ ពលករដ៏ឧស្សាហ៍ព្យាយាមគ្រប់រូប! ការធ្វើពលកម្មមានកិត្តិយសបំផុត យុវវ័យដែលតស៊ូប្រឹងប្រែងល្អប្រសើរបំផុត! សូមជូនពរពលករគ្រប់រូបមានភាពយុវវ័យជានិច្ច និងទទួលបានស្នាដៃល្អក្នុងការងារ!