(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុង នៅថ្ងៃអាទិត្យនេះបានថ្កោលទោសកូរ៉េខាងត្បូងយ៉ាងខ្លាំង ចំពោះបរាជ័យក្នុងការបញ្ឈប់ការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំទីក្រុងព្យុងយ៉ាង ដោយព្រមានថានឹងចាត់វិធានការឆ្លើយតបឱ្យស័ក្តិសមចំពោះទង្វើបង្ករឿង បែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាង គីម យូ ចុង បាននិយាយថារដ្ឋាភិបាលកូរ៉េខាងត្បូងបានបរាជ័យសាជាថ្មី ក្នុងការរារាំងមិនឱ្យក្រុមសកម្មជនប្រឆាំងកូរ៉េខាងជើងនៅលើទឹកដីកូរ៉េខាងត្បូងបង្ហោះខិត្តប័ណ្ឌរិះគន់របបដឹកនាំលោក គីម ជុងអ៊ុនកាលពីថ្ងៃសុក្រកន្លងទៅ ដោយអ្នកនាងចាត់ទុកថានេះជាទង្វើបង្ករឿងមិនអាចអត់ឱនឱ្យបាន។ «ក្រុមជនដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូងនៅតែបន្តបង្ហោះ ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ...វាជាទង្វើបង្ករឿងមិនអាចអត់ឱនឱ្យបានជាដាច់ខាតហើយយើងនឹងចាត់វិធានការឆ្លើយតបវិញ»។ នេះជា ការគូសបញ្ជាក់របស់អ្នកនាង គីម យូ ចុង។
អ្នកនាង គីម យូ ចុង មិនបានបញ្ជាក់ថាកូរ៉េខាងជើងនឹងចាត់វិធានការអ្វីនោះទេ។ កាលពីឆ្នាំ២០២០ ក្រោយការព្រមានស្រដៀងគ្នានេះរបស់ប្អូនស្រីលោក គីម ជុងអ៊ុន កូរ៉េខាងជើងបានបំផ្ទុះកម្ទេចចោលការិយាល័យទំនាក់ទំនង ហើយផ្ដាច់ទំនាក់ទំនងស្ទើរតែទាំងស្រុងជាមួយកូរ៉េខាងត្បូង៕