(ប៉េកាំង)៖ ក្រុមអ្នកជំនាញបាននិយាយថានាវាមុជទឹកថ្មីមួយដើរដោយថាមពលនុយក្លេអ៊ែរដែលចិនទើបតែបញ្ចេញកាលពីពេលថ្មីៗនេះ មានបំពាក់ដោយ មីស៊ីលបាលិស្ទីគ (SLBM) ដ៏មានឥទ្ធិពលដែលអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងបាញ់ដល់សហរដ្ឋអាមេរិកទាំងមូល។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ចិនបញ្ចេញនាវាមុជទឹកស៊េរីថ្មី Type 094A ដើម្បីអបអរខួប៧២ឆ្នាំ នៃការបង្កើតកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLA)។ នាវាមុជទឹកនេះមានសមត្ថភាពបំពាក់មីស៊ីលបាលិស្ទីគ JL-3 ដែលជាប្រភេទមីស៊ីលអាចពំាក្បាលគ្រាបនុយក្លេអ៊ែរបាញ់បានចម្ងាយលើស ១០,០០០គីឡូម៉ែត្រ។
បើតាមក្រុមអ្នកជំនាញ Type 094A ត្រូវបានអភិវឌ្ឍចេញពីនាវាមុជទឹក Type 094 ដែលបំពាក់មីស៊ីលបាលិស្ទីក JL-2។ មុនការអភិវឌ្ឍនេះមីស៊ីល JL-2 អាចបាញ់ដល់តែភាគឦសាននៃសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយការអភិវឌ្ឍបន្ថែមទៅជាមីស៊ីលបាលិស្ទីគ JL-3 វាមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិកទាំងមូល៕