(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ថ្មីៗចំនួន ២១នាក់បន្ថែមទៀត និងអ្នកឆ្លង ១,៩៤០នាក់ ខណៈប្រទេសអាស៊ានមួយនេះកំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវនេះ បន្ទាប់ពីទទួលបានជោគជ័យរយៈពេល១ឆ្នាំ ក្នុងការគ្រប់គ្រងវា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
បូកបញ្ចូលតួលេខថ្មីខាងលើ នាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃ កើនឡើងដល់ ៦៨,៩៨៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់ ២៤៥នាក់។
គួរបញ្ជាក់ថា ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មី មានប្រភពដើមមកពីចក្រភពអង់គ្លេស ឬគេស្គាល់ថា B.1.1.7 ដែលអាចមានសមត្ថភាពចម្លងខ្ពស់នោះ រ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន ៣៦,២៩០នាក់ និងអ្នកស្លាប់ចំនួន ១០៩នាក់ ក្នុងខែមេសាតែឯង។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ប្រទេសថៃបានចាក់ជូនប្រជាជនរបស់ខ្លួនជាង ២.៥លានដូស៕