(ញូដេលី)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក Anthony Fauci បាននិយាយថាឥណ្ឌាគួរតែបិទខ្ទប់ប្រទេសទាំងមូលសម្រាប់រយៈពេលជាច្រើន សប្ដាហ៍ ដើម្បីបញ្ឈប់ការកើនឡើងនៃករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែឧសភា ឆ្នាំ២០២១។
លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Indian Express កាលពីថ្ងៃសៅរ៍ម្សិលមិញ។ លោក Fauci បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថារឿងដែលសំខាន់ និងបន្ទាន់នោះគឺទទួលបានអុកស៊ីសែន, ការផ្គត់ផ្គង់នានា ឬថ្នាំពេទ្យជាដើម...តែរឹតតែសំខាន់ ទៅទៀតគឺការបិទខ្ទប់ប្រទេសទាំងមូល»។ លោក Fauci បន្ថែមទៀតថា គ្មាននរណាម្នាក់ចង់ស្ថិតនៅក្រោមការបិទខ្ទប់ប្រទេសនោះទេ ប៉ុន្តែការបិទខ្ទប់ សម្រាប់រយៈពេលតែប៉ុន្មានសប្ដាហ៍ អាចនឹងឃើញលទ្ធផលជាវិជ្ជមានក្នុងការទប់ស្កាត់ COVID-19។
គួរបញ្ជាក់ថា គ្រាន់តែកាលពីមួយថ្ងៃសៅរ៍ម្សិលមិញ ឥណ្ឌារកឃើញអ្នកឆ្លងដល់ទៅច្រើនជាង ៤សែននាក់ឯណោះ និងអ្នកឆ្លងរាប់លាននាក់កាលពីខែមេសា កន្លងទៅនេះ។ យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅតែរុញរាក្នុងការដាក់ចេញវិធានការបិទខ្ទប់ប្រទេសទាំងស្រុង បន្ទាប់ពី ការបិទខ្ទប់ប្រទេសកាលពីមួយឆ្នាំមុនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ៕