(ម៉ានីល)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសរុស្ស៉ី Sputnik V បាច់ដំបូង ត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។
លោក ខាលីតូ ហ្គាលវេហ្ស (Carlito Galvez) ប្រធានដឹកនាំកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ហ្វីលីពីន បានឲ្យដឹងថា ហ្វីលីពីនធានាបានវ៉ាក់សាំង Sputnik V សរុប១០លានដូស ប៉ុន្តែកំពុងចរចាទិញឲ្យបានដល់២០លានដូស។ វ៉ាក់សាំងបាច់ដំបូងដែលមកដល់នេះ មានចំនួន១៥,០០០ដូស ហើយពួកវានឹងត្រូវប្រើប្រាស់នៅទីក្រុងចំនួន០៤ ក្នុងតំបន់ Metro Manila ដែលជាកន្លែងមានការឆ្លងរាលដាលខ្លាំងជាងគេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ហ្វីលីពីនទទួលបានវ៉ាក់សាំងសរុប ៤.០៤លានដូស ក្នុងនោះជាង៨៦ភាគរយ គឺជាវ៉ាក់សាំងចិន Sninovac ហើយប៉ុន្មានទៀតគឺវ៉ាក់សាំង AstraZeneca ដែលបានមកតាមរយៈយន្តការអន្តរជាតិ COVAX។ គិតត្រឹមថ្ងៃទី២៧ ខែមេសា វ៉ាក់សាំងជាង១.៨លានដូស ត្រូវបានចាក់នៅហ្វីលីពីន ខណៈចំនួនករណីឆ្លងបានកើនជិត១.០៥លាននាក់ និងស្លាប់កើនដល់ ១៧,៣៥៤នាក់៕