(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនារសៀលថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦៤នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៨២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៥១នាក់ និងគ្មានអ្នកស្លាប់ឡើយ។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
អគ្គនាយកនៃអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsouvanh) បានប្រាប់ក្នុងសន្និសីទកាសែតមួយថា ក្នុងចំណោមអ្នកឆ្លងជំងឺ COVID-19 ថ្មីៗទាំង ៦៤នាក់ខាងលើនេះ មាន ៤៩នាក់ត្រូវបានរកឃើញ នៅក្នុងទីក្រុងវៀងច័ន្ទ, ១៣នាក់នៅខេត្តចម្ប៉ាសាក់, ម្នាក់នៅខេត្ត សារ៉ាវណ្ណ និងម្នាក់ទៀតនៅខេត្ត ឧត្តមសាយ។
គួរបញ្ជាក់ថា ចំពោះមុខការកើនឡើងនូវ ចំនួនអ្នកឆ្លងនាពេលថ្មីៗនេះ ខេត្តទាំងអស់នៅក្នុងប្រទេសឡាវ បានដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការកើនឡើងកាន់តែខ្លាំង នូវចំនួនអ្នកឆ្លងជំងឺនេះ បើទោះបីជាខេត្ត អាតតាភើ (Attapeu), សាយសុមបួន (Xaysomboun) និង ហ័រផាន់ (Huaphan) មិនទាន់បានរាយការណ៍ អំពីការរកឃើញអ្នកឆ្លងនៅឡើយក៏ដោយ ហើយអាជ្ញាធរគ្រប់ខេត្តទាំងអស់ ត្រូវបានបង្គាប់ឱ្យបន្តល្បាតនៅតាមព្រំដែនរបស់ខ្លួន ដោយមិនឱ្យមានការលួចចូលមកកាន់ប្រទេសឡាវ ដោយខុសច្បាប់ឡើយ៕